លោករដ្ឋមន្ដ្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតចំនួន ៩នាក់ (ស្រី ៨នាក់) ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញនេះ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសដ៏ក្រៀមក្រំ និងសោកសង្រេងជាពន់ពេកនេះ លោករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ចំពោះការបាត់បង់ កូន ភរិយា និងឪពុកម្ដាយ ជាទីគោរពស្រឡាញ់ទាំង ៩រូប ដែលកន្លងមក បានចូលរួមចំណែកយ៉ាងសកម្ម និងមានតម្លៃក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការបម្រើការងារក្នុងវិស័យកាត់ដេរ។

ទន្ទឹមនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក​ ហេង សួរ ក៏បាននាំយកនូវបច្ច័យបុណ្យមួយចំនួន និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បងប្អូនកម្មករកម្មនិយោជិតទាំងអស់ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសដដែលនោះដែរ លោក​រដ្ឋមន្ត្រី ក៏បានអញ្ជើញបន្តដំណើរចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពបងប្អូនកម្មករនិយោជិត ដែលបានរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងបានជូនពរដល់បងប្អូនដែលកំពុងរងរបួសទាំងអស់ឱ្យបានឆាប់ជាសះស្បើយពីជំងឺតម្កាត់ទាំងឡាយដើម្បីបានត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងរវាងរថយន្តដឹកកម្មករនិយោជិតនិងរថយន្តដឹកទំនិញធុនធំ ដោយមានជនរងគ្រោះសរុបចំនួន ៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ បានស្លាប់បាត់បង់ជីវិតចំនួន ៩នាក់ (ស្រី ៨នាក់), រងរបួសធ្ងន់ចំនួន ១១នាក់ (ប្រុស ១នាក់) ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ១នាក់ និងរងរបួសស្រាលចំនួន ៣៣នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ១នាក់។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន ក្រុមការងារនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីកន្លែងកើតហេតុភ្លាមៗ ដើម្បីខិតខំជួយសង្គ្រោះ និងចាត់ចែងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត រួមមានមន្ទីរពេទ្យបង្អែកខេត្ត និងបញ្ជូនបន្តមកកាន់មន្ទីរពេទ្យកាល់ម៉ែត។

...

បន្ថែមលើនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយទុក្ខលំបាកនានា របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាក្រុមគ្រួសារសព ដើម្បីធានាថាពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារផ្សេងៗ ស្របតាមច្បាប់ស្ដីពីការងារ និងគោលការណ៍នៃរបបសន្តិសុខសង្គមជាធរមាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print