ក្រសួងសុខាភិបាលកម្ពុជា​ ប្រកាសព័ត៌មានស្តីពីការ «ការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola)»

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុ ជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។​ ជំងឺនេះក៏បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ រហូតមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ។

ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំងប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជន តាមបណ្ដាញទំនាក់ទំនងសង្គម។ ជាមួយនេះក្រសួងបានត្រៀមវិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។ ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្ដាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់រហូតដល់៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។

វីរុសនេះត្រូវបានគេរកឃើញនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។
ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្សមាន ៤ ប្រភេទ រួមមាន អេបូឡា (Ebola)ស៊ូដង់ (Sudan) តៃហ្វ័ររេស (Tai Forest) និង ប៊ុនឌីប៊ូហ្គីយ៉ូ (Bundibugyo)។

បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡាមួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានិភ័យខ្ពស់។ មិនមានឱសថព្យាបាលជាក់លាក់ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print