ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចរថយន្តមួយករណី ពីខេត្តព្រះសីហនុ រត់គេចខ្លួនមករាជធានីភ្នំពេញ ខណៈជនសង្ស័យបានប្រើអាវុធបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីតដៃជាមួយសមត្ថកិច្ច មុនពេលត្រូវបានបង្ក្រាប និងឃាត់ខ្លួនបានចំនួន៥នាក់។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៨ និង៤០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវសបិត កែងផ្លូវចៃកា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឲ្យប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុមានការភ័យខ្លាច និងនាំគ្នាចោមរោមមើលយ៉ាងច្រើន។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន និងធ្វើការស្រាវជ្រាវយ៉ាងដិតដល់ កម្លាំងជំនាញបានតាមប្រមាញ់មុខសញ្ញា រហូតឈានដល់ការឡោមព័ទ្ធ និងបង្ក្រាបបានជនសង្ស័យទាំង៥នាក់ ខណៈពេលដែលក្រុមជនសង្ស័យព្យាយាមរត់គេច និងមិនព្រមសហការជាមួយសមត្ថកិច្ច។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ មុនប្រគល់ឲ្យសមត្ថកិច្ចខេត្តព្រះសីហនុ បន្តអនុវត្តតាមនីតិវិធីច្បាប់៕










