ព្រឹកថ្ងៃនេះ ! សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីនក្រសួង ស្ថាប័ន និងក្បាលម៉ាស៊ីន​ដឹកនាំក្នុងរាជធានីភ្នំពេញសរុបជាង៤ពាន់នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​​នៃ​ព្រះ​​រាជាណាចក្រកម្ពុជា មានជំនួបសំណេះសំណាលដ៏ធំដោយមានអ្នកចូលរួមសរុបជាង៤ពាន់នាក់។ ជំនួបសំណេះសំណាលនាព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្បាលម៉ាស៊ីន និងសមាជិកព្រឹទ្ធសភា រដ្ឋ​សភា រាជរដ្ឋាភិបាល ក្បាលម៉ាស៊ីនដឹកនាំតាមក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​ជុំវិញ​រដ្ឋបាលរាជធានីភ្នំពេញ។

ជំនួបសំណេះសំណាលនាព្រឹកថ្ងៃនេះ គឺជាកម្មវិធីមួយនៃដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្តេចតេជោ  ហ៊ុន សែន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ ខេត្ត​ចំនួន៨ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង និងព្រៃវែង។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុង​ការ​ក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើកិច្ចការជាដែន​សមត្ថ​កិច្ច​របស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន​ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហា​ទាំងឡាយ​ដែល​ជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើង​ពី​បញ្ហា​សន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់​គ្រងរដ្ឋបាលនៅមូលដ្ឋាន។

ភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈ​មណ្ឌល​​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមាន​ការ​អភិវឌ្ឍ​លើគ្រប់​វិស័យ។ រាជធានីភ្នំពេញមានផ្ទៃដីសរុប ៦៩៥,៤៦គីឡូម៉ែត្រក្រឡា បែងចែកជា ១៤ខណ្ឌ ១០៥សង្កាត់ និង៩៥៣ភូមិ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ដែលជាចំណុចប្រសព្វរវាងទន្លេ មេគង្គលើ ទន្លេមេង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់​ខាងលិចទល់នឹង​ស្រុកអង្គ​ស្នួល ខាងកើតទល់នឹងក្រុងអរិយក្សត និងស្រុកគៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល និងស្រុក​ពញា​ឮ ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។ 

រាជធានីភ្នំពេញ មានប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណជា ២,៣លាននាក់ និងប្រជាជនស្នាក់​នៅបម្រើ​ការ​ងារប្រមាណជា ៨០ម៉ឺននាក់ ក្នុងអត្រាកំណើន ០,៦ភាគរយក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.៤៦៥នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print