នគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ករណី កាប់ប្លន់យកស្លាកលេខម៉ូតូស្ថិត នៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅព្រឹកថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ នេះក្រុមជនសង្ស័យទាំង១០នាក់ ដែលជាប់សង្ស័យថា លើកគ្នាតាមស្ទាក់វាយទៅលើយុវជន ចំនួន០៣នាក់ រួចហេីយកាប់ប្លន់យកស្លាកលេខម៉ូតូដែលក្រុមជនសង្ស័យ ទាំងនេះអះអាងប្រាប់សមត្ថកិច្ចថា គ្រាន់តែជាការ ព្រមានតែប៉ុណ្ណោះ!!!។

បាយការណ៍សមត្ថកិច្ចឲ្យដឹងថា សកម្មភាពប្រព្រឹត្តអំពើកាប់ប្លន់,យកស្លាកលេខម៉ូតូ បានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដែលក្រុមក្មេងទំនើងនេះ បាននាំគ្នាស្ទាក់ចាំកាប់ក្រុមជនរងគ្រោះចំនួន៣ នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុង-ខេត្ត បាត់ដំបង ខណៈពេលក្រុមជនរងគ្រោះ ដែលមិនបាន ដឹងរឿងអ្វីសោះ កំពុងជិះម៉ូតូឌុបគ្នាចេញពីក្រុងបាត់ដំបង ឆ្ពោះទៅផ្ទះវិញ ដែលស្ថិតនៅឯឃុំត្រែង ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង។

លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានឲ្យដឹងថា ក្រុមជនដៃដល់មានបក្ខពួក ចំនួន ១១នាក់ បាននាំគ្នាស្ទាក់កាប់ទៅលើជនរងគ្រោះចំនួន០៣នាក់ ដែលពុំធ្លាប់ស្គាល់គ្នាសោះ កំពុងតែជិះម៉ូតូនៅតាមផ្លូវទៅផ្ទះវិញក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោកអធិការបានបន្តបញ្ជាក់ទៀតថា ក្រុមជនដៃដល់បាន ស្ទាក់កាប់ទៅលើជនគ្រោះ បណ្ដាលឲ្យរងរបួស ហើយជនគ្រោះនាំគ្នាប្រឹងប្រែង រត់គេចទាំងត្រដាប ត្រដួសចោលម៉ូតូ ប៉ុន្តែក៏ត្រូវក្រុមជនអន្ធពាល ព្រួតគ្នាកាប់ម៉ូតូ និងកាត់ផ្ដាច់កន្ទុយម៉ូតូប្លន់យកស្លាកលេខទៅបាត់ ។ 

លោក ពេជ្រ សារ៉ែន បានបន្ថែមទៀតថា ក្រោយពី ទទួលបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញរបស់លោក ស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនដៃដល់បានជាបន្ត បន្ទាប់ចំនួន១០នាក់ តែនៅសល់០១នាក់ទៀត បានយកស្លាកលេខម៉ូតូរត់គេចខ្លួនបាត់។ 

ជនសង្ស័យទាំង១០នាក់ ដែលឃាត់ខ្លួនបាន រួមមានឈ្មោះ,១- ឈ្មោះ ឈឹង វិចិត្រ អាយុ២២ឆ្នាំ រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

២- ឈ្មោះ ឡុញ ហុងសូវ ១៧ឆ្នាំ រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់, ៣- ឈ្មោះ មី មិនា អាយុ១៧ឆ្នាំ  រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់,៤- ឈ្មោះ ឡុញ សុខា អាយុ២៣ឆ្នាំ រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់,៥ – ឈ្មោះ អ៊ុល ម៉ាន់ អាយុ១៧ឆ្នាំ រស់ នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់,៦- ឈ្មោះ ចោម វណ្ណាចាន់ អាយុ៣០ឆ្នាំ រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់,៧- ឈ្មោះ សុវត្ថិ វណ្ណា អាយុ១៩ឆ្នាំ រស់ នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់,៨- ឈ្មោះ ចោម ចិត្រ អាយុ២៧ឆ្នាំ  រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់,៩- ឈ្មោះ លុយ ឆេងឡាយ អាយុ២១ឆ្នាំ រស់ នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបងនិង ១០- ឈ្មោះ សួន រតនា អាយុ១៦ឆ្នាំ រស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

តាមរបាយការណ៍សមត្ថកិច្ច ក្រុមជនសង្ស័យទាំង១០ នាក់នេះ ត្រូវកម្លាំងជំនាញ នៃអធិការក្រុងបាត់ដំបង សហការជាមួយកម្លាំងជំនាញ អធិការស្រុកបាណន់ តាមចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២២ និង ២៣ ឧសភា ឆ្នាំ២០២៦ ក្រោយ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីទទូលបណ្ដឹងជនរងគ្រោះម្នាក់ (ម្ចាស់ម៉ូតូ) ក្នុងចំណោម ០៣នាក់ គឺ ឈ្មោះ ហេង ហួយ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជាមួយនឹងការឃាត់ខ្លួន ជនសង្ស័យចំនួន ១០នាក់ សមត្ថកិច្ចក៏ដកហូត ម៉ូតូចំនួន០២គ្រឿង ដែលជាមធ្យោបាយសម្រាប់ ក្រុមក្មេងទំនេីង (ជនសង្ស័យ) ខាង លើជិះប្រព្រិត្តបទល្មើស ប៉ុន្តែនៅសល់០១នាក់ទៀតដែលកំពុងគេចខ្លួន ជាមួយនឹងស្លាកលេខម៉ូតូដែលប្លន់យកទៅនោះ។

ពាក់ព័ន្ធនឹងករណីកាប់ប្លន់យកស្លាកលេខម៉ូតូរបស់ក្រុមជនសង្ស័យខាងលើនេះ បើតាមមន្ត្រីជំនាញក្រុងបាត់ដំបង ដែលបានសួរចម្លើយក្រុមជនសង្ស័យ បានស្រង់សម្ដីថា ពួកគេបានសារភាពថា ពិតជាបាននាំគ្នាស្ទាក់វាយ និងកាប់ទៅលើជនរងគ្រោះមែន ប៉ុន្តែជាការកាប់ច្រឡំមនុស្សនោះទេ។

ក្រុមជនសង្ស័យនេះ បានសារភាពប្រាប់សមត្ថកិច្ចទៀតថា នៅយប់កើតហេតុ ពួកគេបានលើកគ្នាបំរុងចាំស្ទាក់វាយ និង កាប់ទៅលើសត្រូវរបស់ពួកខ្លួន ០១ក្រុមទៀត ដែលជិះម៉ូតូពណ៌ក្រហម ហើយដែលធ្លាប់ប៉ះទង្គិចជាមួយក្រុមខ្លួន។ ប៉ុន្តែនៅពេលឃើញជនរងគ្រោះទាំង ០៣នាក់ ជិះម៉ូតូពណ៌ក្រហមដូចគ្នា មកដល់ ស្មានតែគូរសត្រូវរបស់ខ្លួន ក៏ព្រូតគ្នា ស្ទាក់វាយផង កាប់ម៉ូតូផង ចុងក្រោយទើបដឹងថា កាប់ច្រឡំ ។ 

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង១០នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំបន្តតាមនីតិវិធីច្បាប់។

...

ដោយឡែក នៅសល់០១នាក់ទៀត ដែលកំពុងរត់គេចខ្លួន ជាមួយនឹងស្លាកលេខម៉ូតូដែលប្លន់យកទៅនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តយកមកអនុវត្តទោសតាមច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print