ខេត្តកំពង់ឆ្នាំង៖ ក្រុមតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរដែនដី បានចុះពិនិត្យទីតាំងកើតហេតុ និងបានអមដំណើរប្រធានក្រុមការងាររាជរដ្ឋាភិបាល ដើម្បីនាំយកសារលិខិតរំលែកទុក្ខ និងជំនួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចថ្នាក់ដឹកនាំ ជូនដល់ក្រុមគ្រួសារកម្មករ កម្មការិនី ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ មួយ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះ បានកើតឡើងរវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មករកម្មការិនីរោងចក្រ នៅចំណុចខាងមុខសាលាបឋមសិក្សាសាលាលេខ៥ ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយបានបណ្តាលឱ្យកម្មករ កម្មការិនី ចំនួន ៩នាក់ ទទួលមរណភាព របួសធ្ងន់ ៩នាក់ និងរបួសស្រាលចំនួន ៣៥នាក់។
ភ្លាមៗបន្ទាប់ពីកើតមានឧបទ្ទវហេតុនេះ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានអញ្ជើញចុះទៅពិនិត្យទីតាំងកើតហេតុផ្ទាល់ ដើម្បីសម្របសម្រួលកិច្ចអន្តរាគមន៍ សង្គ្រោះជនរងគ្រោះ និងពិនិត្យមើលស្ថានភាពជាក់ស្តែង។
នៅថ្ងៃដដែលនោះ លោកបណ្ឌិត ហ៊ឺ វីរៈ ក៏បានអញ្ជើញអមដំណើរ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។
ក្នុងឱកាសដ៏វិយោគនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំសាររំលែកមរណទុក្ខ ដោយក្តីក្តុកក្តួល និងអាឡោះអាល័យជាទីបំផុតពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ចំពោះការបាត់បង់ម្ដាយ បងប្រុស បងស្រី និងកូនៗ ជាទីស្រឡាញ់ ក្នុងហេតុការណ៍ដ៏អកុសលនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីបានទទួលព័ត៌មានដ៏សោកសៅនេះ សម្តេចទាំងទ្វេបានចាត់រូបឯកឧត្តមឱ្យចុះមកសួរសុខទុក្ខ និងជួយសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះជាបន្ទាន់។
ដើម្បីជួយសម្រាលការលំបាកចំពោះមុខនេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បាននាំយកអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចថ្នាក់ដឹកនាំ រួមមាន អង្ករចំនួន ៥០គីឡូក្រាម និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពទាំង ៩គ្រួសារ ផងដែរ៕
ដោយ ៖ សិលា










