ខេត្តកំពង់ចាម÷មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកកំពង់សៀម សហគមន៍នេសាទវិហារធំ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល បានចុះរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែង ចំនួន ០២ករណី នៅក្នុងឃុំវិហារធំ ស្រុកកំពង់សៀម ។
តាមប្រភពពីមន្ត្រីជំនាញជលផល បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើ ករណីទី១ អនុវត្តនៅនៅចំណុចមុខទួលសំពៅ និងករណីទី២ នៅចំណុចដីក្រហម ក្នុងឃុំវិហារធំ ស្រុកកំពង់សៀម មន្ត្រីជំនាញបានរឹបអូស ឧបករណ៍ល្មើស មាន ៖ លូស្បៃមុងចំនួន ០៩មាត់ របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ១៣៥ដើម ព្រមទាំង ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១២គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ផងដែរ ។
តាមប្រភពពីមន្ត្រីដដែល បានបញ្ជាក់ដែរថា ជាទិសដៅសម្រាប់អនុវត្តបន្ត ជំនាញជលផល នឹងខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឲ្យឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ជាបន្តទៀត ៕










