ខេត្តកោះកុង៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមផ្ទាល់ក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ តឿ តឿន ទៀ បាញ់ អមដំណើរដោយឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញរៀបចំពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
ក្នុងពិធីនេះដែរ ដោយមានការចូលរួមពីសំណាក់លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ពិធីក្រុងពាលី និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តក្នុងរោងជ័យ ដើម្បីសុំទឹកសុំដីទទួលបានសេចក្តីសុខចម្រើនរុងរឿងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ដែលមានកម្ពស់៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុង ផ្តើមដំណើរសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមាន ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងលោកស្រី តៅ តឿន ទៀបាញ់។
ពិធីសម្ពោធដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុងនឹងធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងមហាជនចូលរួមប្រមាណ ៦ ៣០០នាក់។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិ ក្នុងយុគសម័យភ្លើងសង្គ្រាម។ ចំពោះការចំណាយថវិកាសម្រាប់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង គឺទទួលបានពីការចូលរួមរបស់សប្បុរសជនជាតិ និងអន្តរជាតិ៕ដោយ៖តារា










