នគរបាលស្រុកស្អាងឃាត់ខ្លួនស្ត្រីម្នាក់មកសួរនាំករណីផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកអំពីចាប់ក្មេង

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងបានចាត់ វិធានការតាមផ្លូវច្បាប់លើស្ត្រីម្នាក់ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានមិនពិតតាមបណ្ដាញសង្គម Facebook ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាច នៅចំណុចគល់ស្ពានក្បាលអូរ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ វ៉ាត ស្រីណាល់ ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរលក់បុកល្ហុង មានទីលំនៅក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងករណីចាប់ក្មេង ដោយប្រើប្រាស់ឯកសណ្ឋានប៉ូលីស ដែលធ្វើឲ្យសាធារណជនមានការព្រួយបារម្ភ និងចែករំលែកព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលធ្វើការផ្សាយផ្ទាល់ និងបង្ហោះវីដេអូ ជនសង្ស័យបានស្ដាប់ព័ត៌មានពីស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលបានមកហូបបុកល្ហុង រួចយកមកអធិប្បាយបន្តក្នុងផេក Facebook របស់ខ្លួនឈ្មោះ “ម៉ាក់ កញ្ចនា នៅក្នុងផ្ទះបាយ” ដោយមិនមានមូលដ្ឋានច្បាស់លាស់ ឬភស្តុតាងអះអាងនោះឡើយ។

ក្រោយឃើញវីដេអូឃ្លីបនេះ កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ និងអញ្ជើញជនសង្ស័យមកសាកសួរ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ វ៉ាត ស្រីណាល់ បានសារភាពថា ព័ត៌មានដែលខ្លួនបានបង្ហោះ គឺជាព័ត៌មានមិនពិត ហើយមូលហេតុដែលធ្វើឡើង គ្រាន់តែចង់ឲ្យផេករបស់ខ្លួនមានអ្នកចាប់អារម្មណ៍ច្រើន មានអ្នកចូលមើល និងចែករំលែកកាន់តែច្រើនប៉ុណ្ណោះ។

...

សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ សូមមានការប្រុង ប្រយ័ត្នខ្ពស់ មុននឹងធ្វើការបង្ហោះ ឬចែករំលែកព័ត៌មានផ្សេងៗ ត្រូវផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបង្កភាពចលាចលក្នុងសង្គម និងប្រឈមចំពោះមុខច្បាប់ ដោយកុំយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬការចង់ល្បីល្បាញ មកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print