ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦៤គ្រួសារ ក្នុងខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារនៃទីស្នាក់ការកណ្តាលរួមជាមួយសាខា នាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលរងផលប៉ះពាល់ផ្ទះទាំងស្រុង និងមធ្យម ចំនួន ២៦៤ គ្រួសារ មកពី៥ឃុំក្នុងស្រុករមាសហែក និង៥សង្កាត់នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីចែកអំណោយនេះមាន៣ទីតាំងផ្សេងគ្នាក្នុងនោះ៖ ស្រុករមាសហែក មាន២ទីតាំង (ទីតាំងទី១-ឃុំសម្បត្តិមានជ័យ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៤៤គ្រួសារ, ទីតាំង២-ឃុំត្រពាំងស្តៅ សម្រាប់ប្រជាពលរដ្ឋ ១៤០គ្រួសារ) និងទីតាំងទី៣ ក្រុងស្វាយរៀង សម្រាប់ប្រជាពលរដ្ឋ ៨០គ្រួសារ។

ពិធីសំណេះសំណាលនិងចែកអំណាយមនុស្សធម៌នេះ ធ្វើឡើងក្រោមវត្តមានលោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយ សមាជិក សមាជិកា គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីថ្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា-អនុសាខាក្រុងស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប។

បើតាមរបាយការណ៍ពីអាជ្ញាធរ បានបញ្ជាក់ថា៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ខេត្តស្វាយរៀង មានភ្លៀង១មេធំលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរងផលប៉ះពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋសរុប ៤០៧គ្រួសារ ស្មើនឹង ៤០៧ខ្នងផ្ទះ ក្នុងក្រុង/ស្រុក ចំនួន៥ រួមមាន ក្រុងស្វាយរៀង ១៥១ គ្រួសារ, ស្រុករមាសហែក ១៩៨គ្រួសារ, ស្រុករំដួល ៤គ្រួសារ ស្រុកកំពង់រោទិ៍ ៤៩គ្រួសារ, ស្រុកស្វាយទាប ៥គ្រួសារ។

នាឳកាសនោះលោកស្រីនាយិការង បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កផលប៉ះពាល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ជាច្រើនខ្នងរួចមក។

លោកស្រីថ្លែងបន្តថា អំណោយដែលចែកជូនបងប្អូននាឱកាសនេះ បានមកពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសទិវា៨ឧសភា ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងគ្រានេះ ។ ជាមួយគ្នានេះលោកស្រី បានគូសបញ្ជាក់ថា បន្ទាប់ពីក្រុមការងារចុះពិនិត្យស្ថានភាពពីផលប៉ះពាល់ដោយផ្ទាល់ទៅដល់ខ្នងផ្ទះបានសង្កេតឃើញថា លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមិនរឹងមាំស្របទៅនិងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគតនោះទេ ដូចនេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពរៀបចំផ្ទះឡើងវិញត្រូវសាងសង់សំណង់ឱ្យបានរឹងមាំល្អ និងមានភាពធន់នឹងអាកាសធាតុទាំងខ្យល់និងក្តៅ។ ជាមួយគ្នានេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ដូចជា ខ្យល់កន្ត្រាក់ និងផ្គររន្ទះជាដើម។

ទន្ទឹមនឹងនេះលោកស្រីក៏បានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយរស់នៅត្រូវមានអនាម័យ ស្អាតជានិច្ច គេងក្នុងមុងជាប់ជាប្រចាំដើម្បីបង្ការជំងឺគ្រុនឈាមពិសារទឹកដាំពុះ ពិសេសត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ចំនួន៤រួមមាន៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ផឹកគ្រឿងស្រវឹងនិងការជក់បារី។ល ។

ជាងនេះទៅទៀតសូមក្មួយៗដែលជាយុវជនចូលរួមគោរពច្បាប់ចរាចរណ៍ ទប់ស្កាត់ល្បែងសុីសង និយាយថាទេចំពោះគ្រឿងញៀន ចូលរួមទប់ស្កាត់ការឆ្លងមេរោគអេដស៍និងជំងឺអេដស៍ ជាពិសេសការឆ្លងពីម្តាយទៅកូន និងសូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់គឺបួនដងយ៉ាងតិចមុននិងក្រោយពេលសម្រាល។

ជាកិច្ចឆ្លើយតបគ្រួសាររងគ្រោះនីមួយៗបានលើកម្រាមដៃដប់គោរពថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរជួយពួកគាត់ក្នុងគ្រាដែលលំបាក និងកំពុងត្រូវការឱ្យជួយជាចាំបាច់ ទាំងទីជម្រក និងស្បៀងអាហារ សម្រាប់ដោះស្រាយជីវភាពរស់នៅជាប្រចាំថ្ងៃ។ ជាពិសេសសូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាព ជន្មាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលត្រូវ ការឱ្យជួយដូចជាពួកគាត់ដែរ។

សូមបញ្ជាក់ថាគ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស , ត្រីខ ១យួរ, ប្រេងឆា ២ដប, ទឹកសុីអុីវ ១យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ២កេស, ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) ។ បន្ថែមលើនេះគ្រួសាររងផលប៉ពាល់មធ្យមទទួលបានថវិកា ២០ម៉ឺនរៀល និងគ្រួសាររងផលប៉ះពាល់ធ្ងន់ធ្ងរទទួលបានថវិកា ៥០ម៉ឺនរៀល។ 

ដោយឡែក៥គ្រួសារដែលរលំផ្ទះទាំងស្រុងទទួលបានថវិកាចំនួន ៥លានរៀល ក្នុងមួយគ្រួសារផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print