ខេត្តមណ្ឌលគិរី៖ ដំរីចុះប្រេងដែល សម្លាប់ម្ចាស់ត្រូវបានក្រុមជំនាញបាញ់ថ្នាំសណ្តំចាប់បានហើយ កាលពីវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយវាបានគេចខ្លួនរយ: ពេល៣ថ្ងៃនៅក្នុងព្រៃក្បែរៗភូមិអ្នកស្រុក ។
លោក ឃុន ឌីយោន នាយកអង្គការ សត្វដំរី ប្រចាំខេត្តមណ្ឌលគិរីបាននិយាយ ថា មុននឹងបាញ់ថ្នាំសណ្តំលើសត្វដំរីចុះប្រេងនេះក្រុមមន្ត្រីជំនាញខាងសត្វដំរីបានប្រើវិធីយកដំរីញី៥ក្បាលជិះតាមទាក់ដំរី ឈ្មោលមួយក្បាលនេះ ។
លោកបន្តថា ដំរីញីចំនួន២ក្បាលត្រូវខាងអង្គការសត្វដំរីយកមកពីភូមិពូត្រុំ និង៣ក្បាលទៀតនៅភូមិពូលូង ។ លោក បន្តថា សត្វដំរីឈ្មោលមួយក្បាលដ៏សាហាវនេះបានរត់ចូលព្រៃក្បែរៗដងផ្លូវជិតកន្លែងកើតហេតុ ហើយវាបានកៀងដំរីញីទៅជា មួយផង។ ជាលទ្ធផលដំរីបង្កនោះត្រូវបានក្រុមជំនាញបាញ់ថ្នាំសន្លប់នៅម៉ោងប្រមាណជាង១០ព្រឹក ។ លោកបន្តថា ក្រោយចាប់ សត្វដំរីនេះបានហើយជំនាញនៅមិនទាន់ដឹងថា ត្រូវបញ្ជូនទៅខាងណាដើម្បីចិញ្ចឹមវាឬធ្វើអ្វីផ្សេងនោះទេ រង់ចាំយោបល់ពី លោកអភិបាលខេត្តសិន ។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានប្រាប់ឲ្យដឹងនៅក្រោយពីមានហេតុការណ៍ដំរីចុះប្រេងជាន់សម្លាប់ម្ចាស់ដោយ ក្រុមគ្រួសារជនរងគ្រោះមានសំណូមពរ ចង់ឲ្យសមត្ថកិច្ចបាញ់សម្លាប់សត្វដំរីមួយក្បាលនេះចោល ។ ក៏ប៉ុន្តែលោកបានហៅក្រុមគ្រួសារជនរងគ្រោះមកពន្យល់ថា សមត្ថកិច្ចមិនអាចបាញ់សម្លាប់សត្វដំរី១ ក្បាលនេះទេ ព្រោះវាជាសត្វកម្រ ហើយយើងបានពន្យល់ក្រុមគ្រួសារថា បើក្រុមគ្រួសារជនរងគ្រោះមិនចិញ្ចឹមសត្វដំរី ១ក្បាលបន្តទៀតទេនោះលោកអាចដោះដូរអ្វីមួយហើយសត្វដំរីគេយកទៅចិញ្ចឹម និងអភិរក្ស ។
លោកបានឲ្យដឹងដែរថា ក្រោយពីមានការពន្យល់ដូច្នេះក្រុមគ្រួសារជនរងគ្រោះក៏បានឯកភាពហើយបានទាក់ទងរួចហើយទៅកាន់មន្ត្រីអង្គការដើម្បីមានវិធានការ ដូចជាការបាញ់ថ្នាំសន្លប់ដើម្បីចាប់សត្វដំរីនេះដាក់ច្រវាក់និងមានវិធីធ្វើឲ្យវាលែងកាចឬចុះប្រេង ។
គួររំលឹកថាកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដំរីចុះប្រេង១ក្បាល បានជាន់ម្ចាស់ឲ្យស្លាប់នៅក្បែរអូរទេ ស្ថិត នៅក្នុងឃុំអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌល គិរីផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា ។ ម្ចាស់ដំរី ដែលត្រូវដំរីជាន់ស្លាប់ឈ្មោះម៉ឹប ស្រេង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិព្នង រស់នៅ ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តរតនគិរី ៕
ដោយ៖ លីហ៊ាង