ខេត្តកោះកុង៖ ប្រមុខការពារជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់កម្ពុជា នៅក្នុងដំណាក់កាលបច្ចុប្បន្ន គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះ ដោយកម្ពុជាមិនមានបំណងឈ្លានពាន ឬបង្កជម្លោះយោធាជាមួយប្រទេសជិតខាងឡើយ។ ការគូសបញ្ជាក់បែបនេះរបស់លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែល អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុង។
លោករដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំតែងតែបញ្ជាក់ជារៀងរហូតថា កម្ពុជាមិនមានបំណងឈ្លានពាន ឬប៉ះទង្គិចយោធាជាមួយអ្នកជិតខាងនោះទេ។ ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយគ្នា ក៏ខ្ញុំតែងតែសំណូមពរនូវអ្វីដែលយើងអាចការពារខ្លួនបាន»។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា កម្ពុជាតែងតែបញ្ជាក់ជូនដៃគូអន្តរជាតិ និងអង្គទូតនានាថា រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាព និងមិនមានចេតនាប្រើប្រាស់កម្លាំងយោធា ដើម្បីឈ្លានពានប្រទេសណាមួយឡើយ។ ការពង្រឹងវិស័យការពារជាតិ គឺផ្តោតលើសមត្ថភាពការពារទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បញ្ជាក់ថា កម្ពុជាមិនមានតម្រូវការអាវុធដែលអាចវាយប្រហារចម្ងាយរាប់រយគីឡូម៉ែត្រនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការ គឺប្រព័ន្ធការពារដែលមានប្រសិទ្ធភាព និងអាចធានាសុវត្ថិភាពភូមិសាស្ត្ររបស់ប្រទេសបានយ៉ាងរឹងមាំ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផងដែររំលឹកថា បន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ ក្នុងឆ្នាំ១៩៩៨ ប្រទេសជាតិទទួលបានឱកាសអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ស្ថិរភាព និងឯកភាពជាតិ។
ប្រមុខការពារជាតិរូបនេះ បានបន្តថា ដោយឡែក ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងការលើកកម្ពស់វិស័យអប់រំ ដើម្បីជំរុញការរីកចម្រើនរបស់ប្រទេស។ ទោះជាយ៉ាងណា ស្ថានភាពពាក់ព័ន្ធនឹងការប៉ះទង្គិចនៅតាមព្រំដែនក្នុងឆ្នាំ២០២៥ បានធ្វើឲ្យកម្ពុជាត្រូវពិនិត្យ និងកែសម្រួលផែនការមួយចំនួន ស្របតាមការវិវត្តនៃស្ថានការណ៍ជាក់ស្តែង។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា ការប៉ះទង្គិចយោធា មិននាំមកនូវផលចំណេញដល់ភាគីណាមួយឡើយ ផ្ទុយទៅវិញ មានតែការខាតបង់ និងការបាត់បង់។ ដូច្នេះ កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិភាព ដែលជាសមិទ្ធផលដ៏មានតម្លៃ និងជាកេរដំណែលពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលជំនាន់មុន ដែលបានបន្តមកដល់ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអះអាងថា ការថែរក្សាសន្តិភាព និងស្ថិរភាព គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈដែលកម្ពុជាកំពុងបន្តដំណើររីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕ដោយ៖តារា










