សមត្ថកិច្ចស្រុកថ្មគោល ឃាត់ខ្លួនបុរសម្នាក់ ករណីប្រើកាំបិត កាប់ទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២១និង៥០នាទី នៅចំណុចក្រុមទី១៦ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើ ប្រាស់កាំបិតកាប់) មួយកើតឡើងបង្កដោយជនសង្ស័យ ឈ្មោះ កែវ សៅឡុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល បានធ្វើសកម្មភាពប្រើកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះ ម៉ុន លេវកាន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ជាច្រើនកន្លែង រួមមាន រលាត់ក្បាលលើត្រចៀកខាងស្តាំ រលាត់កែងដៃខាងស្តាំ រលាត់កែងជើងខាងឆ្វេង រលាត់ជង្គង់ខាងឆ្វេង រលាត់កំភួនដៃខាងស្តាំពីរកន្លែង និងហើមជាំ០២កន្លែង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី ដឹកនាំដោយលោកវរសេនីយ៍ ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២០និង០០នាទី ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កែវ សៅឡុង ភេទប្រុស អាយុ ៣៥ឆ្នាំ នាំមកកាន់ អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតកាប់ទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print