ខេត្តកោះកុង៖ មុខសញ្ញាលួចគាស់ផ្ទះយកម៉ូតូរបស់ពលរដ្ឋចំនួន ១៣នាក់ នៅស្រុកមណ្ឌលសីមា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថខេត្តកោះកុង ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់ និងត្រៀមខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត បន្តនីតិវិធី។
បើតាមលោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងទទួលជំនាញស្រាវជ្រាវ និង បង្ក្រាបបទល្មើល នៃកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦នេះថា អនុវត្តតាមពាក្យបណ្ដឹងពីជនរងគ្រោះកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំងមូលដ្ឋានក្រុង ស្រុក និង ស្នាក់ការសន្តិសុខពាក់ព័ន្ធ ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាគាស់ផ្ទះលួចម៉ូតូ ក្នុងនោះ ឃាត់ខ្លួនមុខសញ្ញាជាប់ពាក់ព័ន្ធចំនួន ១៣ នាក់(ប្រុស) នៅចំណុចផ្ទះជួលស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក នួន វុត្ថា បន្តថា ក្រុមជនសង្ស័យទាំង ១៣ នាក់នេះ ក្រោយធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋនៅស្រុកមណ្ឌលសីមា យកម៉ូតូហើយ ពួកគេបានយកម៉ូតូទាំងនោះលក់បន្តទៅគ្នីគ្នានៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ស្រុកកោះកុង និង នៅក្រុងខេមរភូមិន្ទ។
ប្រភពដដែលបន្តថា ជនសង្ស័យចំនួន ១៣នាក់នេះ រួមមាន ៖ ១/ឈ្មោះ សុខ បារាំង ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ២/ឈ្មោះ នាក់ សារ៉ន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ៣/ឈ្មោះ សុខ សេងលៀង (ហៅយួន) ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិ ៣ សង្កាត់សាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ទី/ឈ្មោះ ថាន ធា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ៥/ឈ្មោះ ចិន វីតា (ហៅដា) ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។ ៦/ឈ្មោះ ជា សារត្ន័ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ៧/ឈ្មោះ មុំ ណារិទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិ ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ៨/ឈ្មោះ គឹម ឆេងឡាយ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ៩/ឈ្មោះ វណ្ណ សីហា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ១០/ឈ្មោះ ញាណ ណារិទ្ធ (ហៅ សូ) ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ១ សង្កាត់ស្មាច់មានជ័យ។ ទី១១/ឈ្មោះ មើន រ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ។ ១២/ឈ្មោះ វង្ស សំណាង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម៉ូតូ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ១៣/ឈ្មោះ ម៉ាន់ ម៉ន ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅរោងកម្មករ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ដោយឡែកវត្ថុតាងរួមមាន ៖ ម៉ូតូសរុបចំនួន ៧ គ្រឿង , ទូរសព្ទដៃសរុបចំនួន ១១ គ្រឿង , ដាវកែច្នៃចំនួន ១ ដើម , កាំបិតផ្ទះចំនួន ១ ដើម , កាបូបចំនួន ៣ , កាបូបដាក់ខោអាវចំនួន ២ , កាបូបស្ពាយចំនួន ១ , ថ្នាំញៀនចំនួន ៦ កញ្ចប់តូច ទម្ងន់ ១.១៧ ក្រាម និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖តារា










