សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម»ដែរ

ចែករំលែក៖

ភ្នំពេញ៖ «ងើបមួយ វៃមួយ» ជាសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ផ្ដាំទៅក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបន្ដមហិច្ឆតាចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ដែលកំពុងដឹកនាំប្រទេស នាពេលបច្ចុប្បន្ននេះ។ ការចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រដូចទៅនឹងការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ឆន្ទៈរាស្ដ្រខ្មែរ។​ ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីគ្មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឬត្រកូល ហ៊ុន ដឹកនាំប្រទេស ក៏មិនទាន់ដល់វេនត្រកូលសមនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែង​បញ្ជាក់ថា​ អ្នកដែលអាចដឹកនាំប្រទេសកម្ពុជាបាន គឺសុទ្ធតែត្រកូលទេវតា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី​ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ហើយអាអ្នកអាងអីឡើងផ្ដួលត្រកូល ហ៊ុន ផ្ដាំហ្អែងឲ្យហើយ! អ្នកណាក៏ដោយដែលប៉ុនប៉ងផ្ដួលរដ្ឋាភិបាល ងើបមួយ វៃមួយ។ អ្នកដែលធ្វើនយោបាយដោយសន្ដិវិធី ដោយមិនប៉ុនប៉ងផ្ដួលរំលំ ដោយមិនខុសរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិអ្នកឯង។ សារជូនអ្នកឯងមិនច្រើនទេ ប៉ុន្ដែអ្នកឯងនៅតែបន្ដនិយាយផ្ដួលត្រកួល ហ៊ុន អញសូមប្រាប់ទៅពួកឯងឲ្យច្បាស់ បើអត់មានត្រកូល ហ៊ុន ដឹកនាំក៏មិនទាន់ដល់វេនពួកហ្អែងដែរ គឺមានតែក្រុមហ្វូងទេវតា កូនទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចប្រទេសនេះ ហើយបើសិនជា ហ៊ុន ម៉ាណែត មិនអាចដឹកនាំប្រទេសបាន ឬគ្មានអ្នកណាក្នុងត្រកូល ហ៊ុន ក៏មិនទាន់ដល់វេនអាត្រកួលសម នោះដែរ គឺមានតែត្រកូលទេវតា មានន័យថា នៅក្នុងគណបក្សប្រជាជនកម្ពុជា មិនទាន់ដល់វេនពួកហ្អែងនោះទេ»។

ជាមួយគ្នានេះ​ សម្ដេចតេជោ ហ៊ុន សែន ក៏ព្រមានកម្ទេចដោយមិនញញើតដៃ ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចមួយ ប្រសិនបើក្រុមជ្រុលនិយមទាំងឡាយណា ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែប្រសិនបើអ្នកនយោបាយនោះ ធ្វើនយោបាយដោយគោរពទៅតាមរដ្ឋធម្មនុញ្ញ គឺសម្ដេចស្វាគមន៍ជានិច្ច៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print