អតីតប្តីត្រូវបញ្ជូនទៅតុលាការហើយ ក្រោយលែងលះ​គ្នាជាង១ឆ្នាំ សុំត្រូវរ៉ូវវិញ ​ប្រពន្ធ​​មិនព្រម ចាក់សាំងដុត​នាង​ទាំងរស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ដៃដល់​ម្នាក់​ដែល​ជា​អតីត​ប្តី ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ក្រោយ​ពីខឹង​អតីត​ប្រពន្ធ​មិន​ព្រម​ត្រូវរ៉ូវ​វិញ​ ជន​ដៃដល់​ក៏​យក​សាំង​ចាក់​ស្រោច​ដុត​បណ្តាល​ឲ្យ​រលាក​រង​របួស​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។

ការ​បញ្ជូន​ជន​ដៃដល់​ចាក់​សាំង​ដុត​អតីត​ប្រពន្ធ​ទាំង​រស់​(​ជា​បុរស​ញៀន​ថ្នាំ​) ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៦​។ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ឃាតកម្ម (​យក​សាំង​ចាក់​ដុត​អតីត​ប្រពន្ធ​) និង​រក្សា​ទុក​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដៃដល់​មានឈ្មោះ គឹ​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ព្រៃ​បឹង ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ដកំពង់ស្ពឺ​។

គួរ​រំលឹក​ផង​ដែរ​ថា ករណី​អតីត​ប្តី​យក​សាំង​ចាក់​ដុត​អតីត​ប្រពន្ធ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២០​និង​៤០​នាទី ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ព្រៃ​បឹង ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។ ជនល្មើស​បាន​យក​សាំង​ចាក់​ស្រោច​លើ​អតីត​ប្រពន្ធ​ហើយ​ដុត​បណ្តាល​ឲ្យ​រលាក​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​។

មូលហេតុ​មក​ពី​ជនល្មើស​ខឹង​ជន​រង​គ្រោះ ជា​អតីត​ប្រពន្ធ​មិន​ព្រម​ត្រូវរ៉ូវ​គ្នា​រួមរស់​ជា​ប្តី​ប្រពន្ធ​វិញ ដោយសារ​តែ​លែងលះ​គ្នា​ជាង​១​ឆ្នាំ​ហើយ​។ ជន​ដៃដល់​មានឈ្មោះ គឹ​ម រ​ដ្ឋា អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​បឹង ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ដកំពង់ស្ពឺ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ភួង ច​ន្ធូ អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​បឹង ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​កម្លាំង​អាវុធហត្ថ ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖ ដែកកេះ​ចំនួន​០១, ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់​, ទូរ​សព្ទ​ដៃ ម៉ាក Iphone 14 Pro max ពណ៌​ស្វាយ​ចំនួន​០១​គ្រឿង និង​កែវ​ជក់​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០១​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ដៃដល់​ខាងលើ​រួម​ជាមួយ​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ កសាង​សំណុំ​រឿ​ង‌​‎​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print