កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ៧នាក់ដក ហូតម៉ូតូរក្សាទុក ៣ខែ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងនៅរសៀលថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៦នេះថាក្រុមក្មេងទំនើងមួយក្រុមដែលតែងនាំគ្នាបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងបង្កការ ភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ចុះបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៧នាក់ យកមកអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើង ព្រមទាំងដកហូតម៉ូតូចំនួន ៤គ្រឿង រក្សាទុកជាបណ្តោះអាសន្នរយៈពេល ៣ខែ។

តាមរបាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៧នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ និងបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូចំនួន៤គ្រឿង និងទូរស័ព្ទដៃចំនួន ៦គ្រឿង ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយការអប់រំ និងធ្វើកិច្ចសន្យាចំពោះមុខឪពុក ម្តាយ និងអាណាព្យាបាល ក្រុមយុវជនទាំងនេះត្រូវបានព្រមានឱ្យបញ្ឈប់សកម្មភាពដែលអាចនាំឱ្យប៉ះពាល់ដល់សង្គម កិត្តិយសគ្រួសារ និងអនាគតរបស់ខ្លួន។

មហាជនបានលើកឡើងឡើងថា ការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មិនមែនជាការបង្ហាញភាពក្លាហាន ឬជំនាញបើកបរនោះទេ ប៉ុន្តែជាទង្វើគ្រោះថ្នាក់ដែលអាចឆក់យកជីវិតខ្លួនឯង និងអ្នកដទៃបានគ្រប់ពេលវេលា។ ករណីនេះគួរត្រូវបានចាត់ទុកជាសញ្ញាព្រមានមួយសម្រាប់យុវជនដទៃទៀត ដែលកំពុងយល់ច្រឡំថា ការបង្ហោះម៉ូតូ និងប្រណាំងតាមដងផ្លូវ គឺជារឿងទាន់សម័យ និងគួរឱ្យសរសើរ។

សង្គមត្រូវការយុវជនដែលមានវិន័យ សីលធម៌ និងការទទួលខុសត្រូវ មិនមែនយុវជនដែលយកផ្លូវសាធារណៈធ្វើជាទីលានបង្ហាញភាពទំនើងនោះឡើយ។ ការចុះបង្ក្រាបរបស់កម្លាំងអាវុធហត្ថនៅពេលនេះ គឺជាវិធានការចាំបាច់មួយដើម្បីទប់ស្កាត់វប្បធម៌អវិជ្ជមាន ដែលអាចនាំឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងបង្កអសន្តិសុខក្នុងសង្គម។

...

ប្រជាពលរដ្ឋជាច្រើនក៏សង្ឃឹមថា អាជ្ញាធរនឹងបន្តអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់ និងទូលំទូលាយបន្ថែមទៀត ដើម្បីលុបបំបាត់សកម្មភាពបង្ហោះម៉ូតូ និងក្មេងទំនើងនៅតាមមូលដ្ឋាននានា ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print