ភ្នំពេញ ៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមនឹងថ្នាក់ដឹកនាំនិងសមាជិកាសមាគម បាននាំយកនូវអំណោយជាទឹកដោះគោ Angkor Milks ចំនួន ៥០០កេសជូនកាកបាទក្រហមកម្ពុជា។ ពិធីនេះ រៀបចំដោយនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលខាធិការកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនេះ លោកស្រី អគ្គលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ដែលតែងតែគាទ្រ និងនាំយកអំណោយជូនកាកបាទក្រហមកម្ពុជា។ លោកស្រីបានបន្តថា “សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន មានសកម្មភាពជាច្រើន ដែលជួយដល់ប្រជាពលរដ្ឋ”។
ជាមួយគ្នានេះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូមថ្លែងអំណរគុណចំពោះកាកបាទ
ក្រហមកម្ពុជា ដែលបានអនុញ្ញាតសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន តែងតែបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា ជាជម្រើសទី១ និងមានសាខាគ្រប់ខេត្ត និងធ្វើការបានឆាប់រហ័ស ហេតុដូចនេះ នៅពេលដែលមានសប្បុរសជន និងស្ថាប័ននានា ជឿទុកចិត្តក្នុងការចែករំលែកជំនួយផ្សេងៗតាមរយៈក្រសួងព័ត៌មាន និងផ្តល់ជូនបន្តដល់កាកបាទក្រហម ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយ និងសូមគោរពជូនពរដល់ កាកបាទក្រហមកម្ពុជា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសេន សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាក និងផ្តល់សេចក្ដីសុខក្សេមក្សាន្តជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា៕
ដោយ ៖ សិលា










