ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរនិងចែកចាយថ្នាំញៀនម្នាក់ដែលចេះច្នៃថ្នាំញៀនថែមពណ៌ដើម្បីបន្ថែមក្កិនឲ្យរិតតែឈ្ងុយជាងមុនទៅតុលាការបន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងរួចមក។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលថ្នាំញៀននេះមានពណ៌ទៅជាផ្កាឈូកដោយសារតែគេមានគំនិតច្នៃប្រឌិតថ្មីបន្ថែមពណ៌ និងក្លិនដើម្បីឲ្យជក់ទៅកាន់តែមានក្លិនឈ្ងុយលើសដើម។
លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះថាជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់ជាបន្តទៀត។
សូមរំលឹកថាកាលពីវេលាវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចស្រុកសំរោងទងបានធ្វើការឃាត់មុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀនបានម្នាក់ឈ្មោះចន រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយដង្គុំ ឃំុស្គុះ ស្រុកសំរោងទង នៅត្រង់ចំណុចតាមផ្លូវខ្នងប្រឡាយស្ពានចូលវត្តអង្គជ្រៃ ស្ថិតនៅភូមិបាក់ធ្មេញ ឃំុរលាំងចក ស្រុកសំរោងទង ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចធ្វេីការឆែកឆេររកឃើញ ម្សៅក្រាមពណ៌ផ្កាឈូក សង្ស័យគ្រឿងញៀង ចំនួន២កញ្ចប់តូច ម៉ូតូ ស្មាស់១គ្រឿង(ចាស់) ទូរស័ព្ទម៉ាកណូគា១គ្រឿង ៕
...
ដោយ៖ សេនាស័ក្តិ