សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសលីទុយអានី លោក Robertas Kaunas បាននិយាយកាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ថាវត្តមាននាពេលអនាគតរបស់កងទ័ពអាមេរិក នៅលីទុយអានី គឺកំពុងស្ថិតក្រោមការត្រួតពិនិត្យឡើងវិញ ដោយបន្ថែមថា ទីក្រុងវ៉ាស៉ីនតោនបានធានាថានឹងមានកងកម្លាំងប្តូរវេនថ្មីមកដល់ តែលោកមិនដឹងថានៅពេលណា ឬជាកងកម្លាំងអ្វីទេ។
កងទ័ពអាមេរិកដែលឈរជើងនៅលីទុយអានី បានចាកចេញតាមកាលកំណត់ ប៉ុន្តែក្រុមដែលបានគ្រោងទុកបន្ទាប់ មិនទាន់ទៅដល់នៅឡើយទេ។ លោក Kaunas ប្រាប់ក្រុមអ្នកសារព័ត៌មានថា «កងកម្លាំងប្តូរវេនបច្ចុប្បន្នស្ថិតក្រោមការពិនិត្យ ដោយសារតែចំនួនទាហានអាមេរិកនៅអឺរ៉ុប កំពុងផ្លាស់ប្តូរ ដែលនឹងនាំឱ្យមានការពិនិត្យឡើងវិញ នូវគោលជំហរសម្រាប់តំបន់»។
ចំណាត់ការថ្មីនេះនាំឱ្យលីទុយអានី គ្មានកងទ័ពអាមេរិកប្រហែល ១ ០០០នាក់ ឈរជើងលើទឹកដីរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២០។ សហរដ្ឋអាមេរិកកំពុងដកទ័ពរាប់ពាន់នាក់ចេញពីអាល្លឺម៉ង់ និងប៉ូឡូញ ចំពេលដែលមានភាពប្រេះឆាកាន់តែធំ រវាងរដ្ឋបាលលោក ត្រាំ ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់អង្គការណាតូនៅអឺរ៉ុប៕









