ស្នងការខេត្តព្រៃវែង ចេញបំភ្លឺព័ត៌មានថា មិនមានការចាប់ជំរិតក្មេង នៅក្នុងស្រុកមេសាងនោះឡើយ!

ចែករំលែក៖

ខេត្តព្រៃវែង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៦ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានគណនីជាច្រើនបានផ្សព្វផ្សាយ និងចែករំលែកតៗគ្នាថា មានករណីចាប់ជំរិតក្មេងនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ដោយជនសង្ស័យស្លៀកពាក់ឯកសណ្ឋានអង្គរក្ស។

ពាក់ព័ន្ធករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបកស្រាយដូចខាងក្រោម៖
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ បងពៅជាងសំណង់ បានបង្ហោះថា មានករណីចាប់ក្មេងសិស្សសាលានៅក្បែរផ្ទះខ្ញុំ ហើយក៏មានគណនីហ្វេសប៊ុកជាច្រើន​ បានចែករំលែក និងបង្ហោះជាបន្តបន្ទាប់អំពីករណីខាងលើនេះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកអធិការនគរបាលស្រុកមេសាង បានដឹកនាំកម្លាំង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរភូមិឃុំ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការសាកសួរបំភ្លឺក្មេងជាជនរងគ្រោះ ឈ្មោះ គង់ នុន ភេទប្រុស អាយុ៩ឆ្នាំ មានទីលំនៅភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានឆ្លើយប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០ព្រឹក ខ្លួនបានចេញពីសាលារៀនជិះកង់មកផ្ទះតែម្នាក់ឯង ពេលជិះមកដល់ចំណុចភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ក៏មានឡានមួយគ្រឿង ជិះគ្នា០៤នាក់បើកមកដល់រួចទម្លាក់កញ្ចក់សួរខ្លួនថាទៅណា ខ្លួនក៏លោតចូលក្នុងផ្ទះគេក្បែរនោះ រថយន្តក៏បើកបន្តទៅមុខបាត់ទៅ តាមការពិនិត្យជាក់ស្តែង របស់សមត្ថកិច្ចរបងផ្ទះដែលក្មេងនិយាយថាលោតចូល នោះមានកំពស់ប្រហែល២ម៉ែត្រ។

ក្មេងនិយាយក្នុងភាពរវើរវាយ មិនច្បាស់លាស់ រីឯអ្នកដែលនៅជិតកន្លែងកើតហេតុ បានបំភ្លឺជូនសមត្ថកិច្ចថា ក្នុងចន្លោះម៉ោងខាងលើ គឺមិនមានរថយន្តបើកឆ្លងកាត់នោះទេ ដូចនេះមិនមានករណីប៉ុនប៉ងចាប់ជំរិតក្មេង ដូចផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ។ ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បងពៅជាងសំណង់ បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានលុបខ្លឹមសារដែលខ្លួនបានបង្ហោះ ហើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាអប់រំគាត់ ដើម្បីកុំឱ្យគាត់បង្ហោះព័ត៌មានដែលមិនច្បាស់លាស់បន្តទៀត៕ដោយ​៖សិលា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print