ខេត្តព្រះសីហនុ៖ មានករណីភ្ញាក់ផ្អើលមួយនៅវេលាម៉ោង១ជាង រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ដោយពលរដ្ឋប្រទះឃើញមានស្ត្រី ជនបរទេសម្នាក់ ស្រែកសុំឲ្យជួយតាមមាត់បង្អួចពីខាងក្នុងសណ្ឋាគារ ហ័ងជា ហួយ័នជាវ ឌាន (Huang jia Hotel) ស្ថិត នៅម្ដុំចំការស្ពៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែរសណ្ឋាគារខាងលើ បានឲ្យដឹងថា នៅមុនកើតហេតុ គាត់ប្រទះឃើញស្ត្រី ជនជាតិវៀតណាម អាយុប្រហែលជាង ២០ឆ្នាំ បានស្រែកពីក្នុងសណ្ឋាគារខាងលើ និងបានបោះក្រដាសស ដោយយកក្រែមសរសេរលេខបន្ទប់ ៦០១ ជាន់ទី៦ បោះមកក្រៅ ឲ្យជួយប្តឹងប៉ូលិស ក្នុងសភាពភ័យស្លន់ស្លោ។ ភ្លាមៗនោះ ពលរដ្ឋដាក់ការសង្ស័យថា ជាការចាប់ជម្រិត ឬបង្ខាំងទុកដោយខុសច្បាប់។
ក្រោយក្រោយទទួលព័ត៌មាននេះភ្លាម កម្លាំងកងរាជ អាវុធហត្ថខេត្ត ព្រះសីហនុ សហការជាមួយសមត្ថកិច្ចជំនាញដទៃទៀត បានចុះទៅដល់សណ្ឋាគារនោះ និងឈានទៅដល់សង្គ្រោះនារីរងគ្រោះ ដោយសុវត្ថិភាព។ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយធ្វើសកម្មភាពហើយ ពួកគេ បានរត់គេចខ្លួនចេញពីក្នុងសណ្ឋាគារភ្លាមៗ ប៉ុន្តែសមត្ថកិច្ច បានកំណត់មុខសញ្ញារួចហើយ និងកំពុងស្វែងរកឈានទៅដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ឱ្យទាល់តែបាន។
បច្ចុប្បន្ន ស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច នាំយកទៅសួរនាំបន្ថែម នៅកងរាជអាវុធហត្ថខេត្តព្រះសីហនុ ៕










