ខេត្តស្វាយរៀង:រដ្ឋបាលក្រុងបាវិតបន្តចុះធ្វើរដ្ឋបាលចំហ ស្រាវជ្រាវ និងបង្រ្កាប ពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅទីតាំងបុរី CK ផ្ទះលេខC2 ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ១២នាក់ ស្រី ៣នាក់ ជាជនជាតិវៀតណាម។
សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពក្រុងបាវិត ដឹកនាំដោយ លោក ម៉ែន ចាន់រ៉ា អភិបាល នៃគណៈអភិបាលក្រុង បានអញ្ជើញចុះស្រាវជ្រាវ និងបង្រ្កាប ពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅទីតាំងបុរី CK ផ្ទះលេខC2 ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានការសម្របសម្រួលពី លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ក្នុងនោះ មានការចូលរួមពី លោកអភិបាលរងក្រុង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង លោកអធិការរងក្រុង លោកនាយករងរដ្ឋបាល និងលោកមេភូមិតាពៅ ជាលទ្ធផល ក្រុមការងារបានរកឃើញករណីពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានមនុស្សចំនួន ១២នាក់ ស្រី ៣នាក់ ជាជនជាតិវៀតណាម។
វត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន ១២គ្រឿង កុំព្យូទ័រយួរដៃ ១៣គ្រឿង កុំព្យូទ័រលើតុ ១គ្រឿង ចំពោះជនសង្ស័យខាងលើ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង រីឯវត្ថុតាងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើនីតិវិធីបន្តផងដែរ។










