គយកម្ពុជា-ចិន ចុះហត្ថលេខា ពន្លឿនការធ្វើពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយចិន បានចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ដើម្បីជួយសម្រួលដល់វិស័យធុរៈកិច្ច ពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ។

ពិធីនេះចុះហត្ថលេខានេះ បានធ្វេីឡេីង​នៅរសៀលថ្ងៃទី ០៤ មិថុនា ឆ្នាំ២០២៦​ ដឹកនាំរៀបចំ និងចុះហត្ថលេខាដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយលោកស្រី Sun Meijun រដ្ឋមន្ត្រី នៃអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន។

ការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន នឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ នូវភាពសាមញ្ញនីតិវិធីគយ តាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ និងការពន្លឿនការបំពេញបែបបទគយ សម្រាប់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់។

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនជា AEO ចំនួន ១១ ហើយកម្ពុជាមានគោលដៅបង្កើនក្រុមហ៊ុន AEO ឲ្យបានចំនួន៣០ មុនបញ្ចប់ឆ្នាំ២០២៦នេះ។

ការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមកលើកម្មវិធី AEO នាពេលនេះ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ​ក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកាត់បន្ថយពេលវេលានិងថ្លៃដើម, ការពង្រឹងភាពប្រកួតប្រជែងរបស់ធុរជន, និងការធានាសុវត្ថិភាពខ្សែច្រវាក់ផ្គត់​ផ្គង់នៃប្រទេសទាំងពីរ។

​ចំពោះ​ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ចាំងពីស្មារតីនៃ «មិត្តភាពដែកថែប» និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង កម្ពុជានិងចិន ជាពិសេសការជំរុញសហគមន៍វាសនា​រួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កា។

ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ សាធារណរដ្ឋប្រជាមា និតចិន មិនត្រឹមតែជាមិត្តដ៏ល្អនោះទេ ប៉ុន្តែគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុត និងសំខាន់បំផុតរបស់កម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ​និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

...

គួរជម្រាបជូនថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន គិតត្រឹមរយៈពេល ៤ខែ ឆ្នាំ២០២៦​ សម្រេច​បាន​នូវ​ទឹក​ប្រាក់​ជាង​ ៧ ​ពាន់លានដុល្លារ ​កើន​ឡើង​ ២៦% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ នៅឆ្នាំ ២០២៥ ​ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​ចិន​ មានតម្លៃ ​៥៨៣ លាន​ដុល្លារ​ កើន​ឡើង​ ២១,៨% ​ចំណែក​ឯ​ចិន​ នាំចូល​មក​វិញ​មាន​តម្លៃ ​៦,៥៨​ ពាន់​លាន​ដុល្លារ​ កើន​ឡើង​ ២៦,៤%៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print