នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ:នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះផ្សព្វផ្សាយករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពការផ្សព្វផ្សាយល្បែងផ្សងសំណាងឆ្នោតកោសតាមអនឡាញ ក្នុងគោលបំណងបង្កាទប់ស្កាត់ និងកាត់បន្ថយនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែនៅតែឃើញមានការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់តាមអនឡាញ តាមរយៈ ទំព័រហ្វេកប៊ុករបស់ជនខិលខូច ដែលបណ្តាលអោយមានប្រជាពលរដ្ឋបានទទួលរងការឆបោកចំពោះករណីនេះ។

ថ្មីៗនេះ កម្លាំងចម្រុះ នៃអគ្គស្នងការនគរបាលជាតិ បានចុះឆែកឆេរអគារមួយកន្លែង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដោយរកឃើញ ក្រុមឆបោកតាមបច្ចេកវិទ្យា កំពុងធ្វើការ live នៅលើផេក ឆ្នោតកោស និងបានកំពុងឆបោកប្រជាពលរដ្ឋជាច្រើននាក់។ ក្នុងប្រត្តិបត្តការចុះបង្រ្កាបនេះ មន្រ្តីជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថា ផេកដែលធ្វើការ Live ឆបោកមានដូចជា “ថ្ងៃនេះឈ្នះ- Wintodayjh, ឈ្នះភ្លាមៗរាល់ថ្ងៃ-Quickwindaily, សំណាងថ្មីថ្ងៃនេះ-Newlucky88, សំណាងរាល់ថ្ងៃ- everydayluck88, កិសសំណាង-LuckyScratch88, រង្វាន់ថ្ងៃនេះ- GiftToday88, សំណាងភ្លាមៗ- InstandLuck88, កោះហើយឈ្នះរាល់ថ្ងៃ- Scratch WinDaily” ក្រោមរូបភាពឈ្នះរង្វាន់ឆ្នោតកោស ហើយឱ្យជនរងគ្រោះផ្ញើប្រាក់ដើម្បីបានទទួលរង្វាន់ធំ។

តាមការស្រាវជ្រាវ របស់មន្រ្តីជំនាញ ល្បិចឆបោកមានដូចតទៅ៖

ក្រុមជនឆបោកបានណែនាំឱ្យអ្នកទស្សនាពេល Live ឆ្នោតកោស អោយទិញកញ្ចប់ឆ្នោតកោសចំនួន២ប្រភេទ រួមមាន៖ CAMBO ទី១ ទទួលបានឆ្នោតកោសចំនួន២៥សន្លឹកឆ្នោត ក្នុងតំលៃ២០$ និង CAMBO ទី២ ទទួលបានឆ្នោតកោសចំនួន៤០សន្លឹកឆ្នោត ក្នុងតំលៃ៣០$ និងបានណែនាំឱ្យទាក់ទងតាមរយៈប្រអប់សារ របស់ទំព័រហ្វេសប៊ុក និងការផ្ទេរប្រាក់តាមប្រព័ន្ឋ KHQR ដើម្បីទិញកញ្ចប់ឆ្នោត។

បន្ទាប់ពីទទួលបានប្រាក់រួច ក្រុមជនឆបោកនឹងហៅឈ្មោះជនរងគ្រោះក្នុងការផ្សាយបន្តផ្ទាល់ ហើយធ្វើការកោសឆ្នោតភ្លាមៗ (ជាទូទៅជនរងគ្រោះតែងតែទទួលបានលទ្ធផលឈ្នះរង្វាន់ជានិច្ច ដែលជាវិធីសាស្រ្តបង្កើនទំនុកចិត្ត និងជំរុញឱ្យជនរងគ្រោះបន្តចូលរួម)។

បន្ទាប់មកក្រុមជនឆបោកនឹងណែនាំឱ្យជនរងគ្រោះទាក់ទងក្រុមការងារដើម្បីដំណើរការទទួលប្រាក់រង្វាន់ដែលមានទំហំចាប់ពី១០,០០០$ ជនរងគ្រោះត្រូវបង់ប្រាក់ចំនួន៣៥៩$ ជាមុនសិន។

បន្ទាប់មកជនរងគ្រោះត្រូវបានណែនាំឱ្យចុះឈ្មោះ និងបង្កើតគណនីលើគេហទំព័រ hksclc-khr.com ដែលក្រុមជនឆបោកអះអាងថាជាគេហទំព័ររបស់ក្រុមហ៊ុនឆ្នោតហុងកុង ដោយតម្រូវឱ្យផ្ទៀងផ្តាត់ព័ត៌មាន និងអនុវត្តតាមនីតិវិធីដែលបានកំណត់។

ក្រោយពេលជនរងគ្រោះបង្កើត គណនីរួច ក្រុមជនឆបោកនឹងបញ្ចូលទិន្នន័យប្រាក់រង្វាន់ទៅក្នុងគណនីរបស់ជនរងគ្រោះហើយណែនាំ ឱ្យស្នើសុំដកប្រាក់តាមប្រព័ន្ធដើម្បីអោយជនរងគ្រោះទុកចិត្ត។

ដើម្បីដកប្រាក់បាន ជនរងគ្រោះតម្រូវឱ្យបង់ថ្លៃសេវាដកប្រាកចំនួន២% នៃទឹកប្រាក់រង្វាន់ បង់ថ្លៃប្តូរប្រាក់ពីដុល្លារហុងកុង ទៅជាដុល្លារអាមេរិកចំនួន១% និងត្រូវបង់ប្រាក់ចំនួន៧% បន្ថែមទៀតជាថ្លៃពន្ឋរបស់ក្រុមហ៊ុននៅហុងកុង។

បន្ទាប់ពីជនរងគ្រោះបានបង់ប្រាក់ទាំងអស់ តាមការទាមទារ ក្រុមជនឆបោក នឹងអនុញ្ញាតឱ្យដំណើរការស្នើសុំដកប្រាក់តាមប្រព័ន្ឋ ប៉ុន្តែពួកគេនឹងបង្កើតបញ្ហាថ្មីបន្ថែមទៀត ដោយបង្ហាញសារកំហុសលើគណនីរបស់ជនរងគ្រោះ ដូចជាករណី “ការស្នើសុំដកប្រាក់មានបញ្ហាខុសប្រទេស“ ឬ បញ្ហាបច្ចេកទេសផ្សេងៗ ហើយដកហូតសិទ្ឋក្នុងការដកប្រាក់ជាបណ្តោះអាសន្ន។ ក្នុងករណីនេះ ជនរងគ្រោះត្រូវបានតម្រូវឱ្យបង់ប្រាក់បន្ថែម ចំនួន៧៨២$ ដើម្បីស្តារសិទ្ឋិស្នើសុំដកប្រាក់ឡើងវិញ។

ជាបន្តបន្ទាប់ ក្រុមជនឆបោកនឹងប្រើប្រាស់លេស និងមូលហេតុផ្សេងៗទៀត ដូចជាថ្លៃសេវាបន្ថែម ថ្លៃផ្ទៀងផ្តាត់គណនី ថ្លៃធានាសុវត្ថិភាព ឬការបង់ពន្ឋបន្ថែម ដើម្បីដាក់សម្ពាធឱ្យជនរងគ្រោះបន្តផ្ទេរប្រាក់ ទោះបីជាជនរងគ្រោះបានបង់ប្រាក់តាមការទាមទារច្រើនដងក៏ដោយ ក្រុមជនឆបោកមិនផ្តល់ប្រាក់រង្វាន់ ឬអនុញ្ញាតឱ្យជនរងគ្រោះដកប្រាក់បានពិតប្រាកដឡើយ។

...

 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ ដែលអាចឈានទៅដល់ការឆបោកតាមអនឡាញនានាផងដែរ និងសូមជៀសអោយឆ្ងាយពីការប្រព្រឹត្តល្បែងផ្សងសំណាង ល្បែងភ្នាល់តាមអនឡាញដែលជាទង្វើខុសច្បាប់ ត្រង់មាត្រា៥ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដែលអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥,០០០,០០០រៀល ដល់ ២០,០០០,០០០រៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print