ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលឆែកឆេរនៅអគារមួយកន្លែងយីហោ” The bridge” ស្ថិតនៅមូលដ្ឋានខណ្ឌចំការមន ជាក់ស្ដែងឃាត់ខ្លួនជនបរទេសចំនួន ៤នាក់ គ្មានលិខិតឆ្លងដែន និងដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
ក្នុងប្រតិបត្តិការនោះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញ អនុវត្តតាមបទបញ្ជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និង លោក ពេញ ភារម្យ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំង អគារ The Bridge ស្ថិតនៅផ្លូវលេខ ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ដែលចុះត្រួតពិនិត្យទីតាំងខាងលើនេះ បានបញ្ជាក់ថា ទីតាំងនេះជាប្រភេទអគារសហកម្មសិទ្ធ គឺចែកចេញជាពីរអគារយីហោ” Residence និង អគារយីហោ Soho”។ ក្នុងនោះ ក្រុមការងារសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យផ្នែកអគារ Soho ដែលមានកម្ពស់ ៤០ ជាន់ ស្មើនឹង ៩២៥ បន្ទប់ (ជាន់ទី ១ ដល់ជាន់ទី ៤ ផ្សារទំនើប ជាន់ទី ៥ ដល់ជាន់ទី ១០ ចំណតយានយន្ត ជាន់ទី ១១ និង ទី ១២ ជាន់ប្រព័ន្ធទឹក និង ភ្លើង ជាន់ទី ១៣ អាងហែលទឹក ជាន់ទី ១៤ ដល់ ជាន់ទី ៣៧ បន្ទប់ស្នាក់នៅ ជាន់ទី ៣៨ ដល់ជាន់ទី ៤០ ការិយាល័យរបស់អគារ)។ ជាលទ្ធផល ក្រុមការងារសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យរកឃើញមានមនុស្សស្នាក់នៅសរុបចំនួន ១៩៧ នាក់ ស្រី ៦៧ នាក់ មាន ១៧ សញ្ជាតិ មានលិខិតឆ្លងដែន និង ទិដ្ឋាការចុងក្រោយត្រឹមត្រូវ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ មានជនបរទេសស្នាក់នៅខុសច្បាប់ និងជនបរទេសរក្សាទុកគ្រឿងញៀនខុសច្បាប់ចំនួន ៤នាក់ រួមមាន ៖ ជនបរទេសដែលពុំមានលិខិតឆ្លងដែនចំនួន ៣ នាក់ (ចិនម្នាក់ , កូរ៉េខាងត្បូងម្នាក់ និង ជប៉ុនម្នាក់) បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ដោយឡែកជនបរទេសរក្សាទុកគ្រឿងញៀនខុសច្បាប់ម្នាក់ (ជនជាតិអង់គ្លេស) និង ដកហូតកញ្ឆាក្រៀម ចំនួន ១៣១ ដុំ ស្មើ ៦៥ គីឡូក្រាម (ជាន់ទី ២៣ បន្ទប់លេខ ២៣៥៩) បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ដោយ៖តារា










