ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមាន ការចង្អុលបង្ហាញផ្ទាល់ពី លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ករណីបង្ក្រាបជនបរទេសស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានអនុវត្តនីតិវិធីជាបន្តបន្ទាប់។
នៅក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ ធ្វើការបណ្តេញស្រ្តីជនជាតិវៀតណាមចំនួន ១នាក់ ត្រឡប់ទៅប្រទេស កំណើតវិញ តាមរយៈប៉ុស្តិ៍ការពារព្រំដែនប៊ូប្រាំង (ភាគីវៀតណាម) ក្រោយរកឃើញថាមានករណីស្នាក់នៅ ធ្វើការងារខុសច្បាប់ និងជាប់ពាក់ព័ន្ធនឹងមុខសញ្ញាស្កេមអនឡាញ (Online Scams)។
ជាមួយគ្នានោះនៅវេលាម៉ោង ៤:៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា បានបន្តបញ្ជូនជនបរទេសចំនួន ៨០ នាក់ (ស្រី ៧នាក់) មាន ៤សញ្ជាតិ ទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីច្បាប់ ករណីស្នាក់នៅធ្វើការងារខុសច្បាប់ និងជាប់ពាក់ព័ន្ធនឹងមុខសញ្ញាស្កេមអនឡាញដូចគ្នា។
ជនបរទេសទាំង ៨០នាក់នោះ រួមមាន៖
* ជនជាតិចិន ចំនួន ៦៥នាក់ (ស្រី ៤នាក់)
* ជនជាតិមីយ៉ាន់ម៉ា ចំនួន ១៣នាក់ (ស្រី ២នាក់)
* ជនជាតិហ្វីលីពីន ចំនួន ១នាក់ (ស្រី ១នាក់)
* ជនជាតិម៉ាឡេស៊ី ចំនួន ១នាក់។
បច្ចុប្បន្ន ជនបរទេសទាំងអស់ត្រូវបានបញ្ជូនទៅដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីជាធរមាន៕










