ខេត្តកណ្ដាល÷បុរសម្ចាស់ឃ្លាំងទំនិញម្នាក់បានទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងរថយន្ត ១គ្រឿងភ្លាមៗ បន្ទាប់ពីលោកបានឆែកកាមេរ៉ាសុវត្ថិភាពពីចម្ងាយ រួចប្រទះឃើញក្រុមជន សង្ស័យមានគ្នា ៥នាក់ បើករថយន្ត ២គ្រឿង ចូលមកធ្វើសកម្មភាពលួចលើកគ្រឿងសង្ហារឹម និងប្រអប់កេះក្រដាសចេញពីក្នុងឃ្លាំងទំនិញរបស់ខ្លួនទាំងបំពាន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅចំណុចឃ្លាំងទុកទំនិញមួយកន្លែង ស្ថិតនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ា វិច្ឆិកា ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មានមុខរបរលក់ដូរ មានទីលំនៅក្នុងភូមិពិន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកក្រុមជនសង្ស័យមានចំនួន ៥នាក់ រួមមានទី១ឈ្មោះ អឿន វាសនា ភេទប្រុស អាយុ ២២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ គ្មានសារធាតុញៀនក្នុងទឹកនោម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ ទី២ ឈ្មោះ គីម ទៀង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរស៊ីឈ្នួលដឹកជញ្ជូន កំពុងគេចខ្លួន។ ទី៣ ឈ្មោះ ពិសិដ្ឋ ភេទប្រុសអាយុប្រហែល២៩ឆ្នាំជនជាតិខ្មែរ មុខរបរតៃកុងរថយន្ត កំពុងគេចខ្លួន និងបក្សពួកជាកម្មករ ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ កំពុងរត់គេចខ្លួនផងដែរ។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្តដឹកទំនិញពណ៌សពាក់ផ្លាកលេខភ្នំពេញ 3E 6242ចំនួន១គ្រឿង គ្រឿងសង្ហារឹមសាឡុងពូកចំនួន ២ឈុត ប្រអប់កេះក្រដាសចំនួន ៤៣កេះ (ប្រគល់ជូនជនរងគ្រោះវិញ) និងទូរស័ព្ទដៃម៉ាកអូប៉ូពណ៌ខ្មៅចំនួន ១គ្រឿង។
លោកអធិការបានបន្តថា កាលពីថ្ងៃទី៣ មិថុនា ២០២៦ វេលាម៉ោង ១៨ និង៤៨នាទី ពេលដែលជនរងគ្រោះកំពុងស្ថិតនៅក្រុមហ៊ុន១កន្លែងទៀតក្នុងខណ្ឌសែនសុខ លោកក៏បានបើកឆែកមើលកាមេរ៉ាសុវត្ថិភាពនៅឃ្លាំង ទំនិញកើតហេតុក្នុងក្រុងតាខ្មៅពីចម្ងាយ។ ពេលនោះ ជនរងគ្រោះបានឃើញក្រុមជនសង្ស័យទាំង ៥នាក់ បើករថយន្ត ២គ្រឿង ម៉ាកហ្វតពណ៌ស ១គ្រឿង និងម៉ាកហ៊ីយ៉ាន់ដាយពណ៌ក្រហម ១គ្រឿង ចូលមកលើកសម្ភារៈសាឡុងពូក និងប្រអប់កេះក្រដាសទាំងអស់នោះដាក់លើរថយន្តហ៊ីយ៉ាន់ដាយ។ ឃើញសកម្មភាពខុស ច្បាប់បែបនេះ ជនរងគ្រោះបានទូរស័ព្ទប្រាប់ដៃគូសហការរកស៊ីឈ្មោះ ណាន ឲ្យមកជួយឃាត់ តែក្រុមជនសង្ស័យមិនព្រមស្ដាប់ ទើបជនរងគ្រោះសម្រេចចិត្តទូរស័ព្ទប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ឲ្យចុះជួយអន្តរាគមន៍ឃាត់រថយន្តហ៊ីយ៉ាន់ដាយទុកភ្លាមៗ។
លោកអធិការបញ្ជាក់ថា កាលពីដំបូងឡើយ ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងទេ ដោយសុំពន្យារពេលដើម្បីចរចាជាមួយក្រុមជនសង្ស័យសិន និងបានទុកឲ្យជនសង្ស័យឈ្មោះ អឿន វាសនា នៅមើលការខុសត្រូវរថយន្ត និងសម្ភារៈទាំងអស់។ លុះរហូតមកដល់ថ្ងៃទី៦ មិថុនា ២០២៦ ដោយសារតែការចរចាមិនត្រូវគ្នា ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អឿន វាសនា បានឆ្លើយសារភាពថាខ្លួន និងបក្សពួក ពិតជាបាននាំគ្នាចូលលួចលើកសម្ភារៈរបស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










