ខេត្តកំពង់ឆ្នាំង ៖ អ្នកជនជាតិខ្មែរឥស្លាម២នាក់ត្រូវជា ពូនិងក្មួយ បានបាត់ខ្លួន ដោយសារខ្យល់ព្យុះបោកបក់ ចំទូកនេសាទរបស់ពួកគាត់ បណ្ដាលឲ្យលិចចូលទន្លេ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង ៣០ នាទី រសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅចំណុចស្ដីកោង ខាងក្រោមព្រែកជ្រោយ បបុស្ស ប្រហែល ៥០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ តាមការបញ្ជាក់ របស់សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវជាឪពុកមានិងក្មួយឈ្មោះ ម៉ា ណាន អាយុ ២៦ ឆ្នាំ( ត្រូវជាឪពុកមា) និងឈ្មោះ ភ្លី អាប់ឌុលរ៉ម៉ាន អាយុ ១៥ ឆ្នាំ (ត្រូវជាក្មួយ ប្រុស) ទាំងពីរនាក់រស់នៅ ភូមិទី ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបានបន្តថាមុនពេលកើតហេតុជនរងគ្រោះដែលត្រូវជាឪពុកមា និង ក្មួយ បានចេញទូកទៅនេសាទដោយដាក់បណ្ដែត មង នៅចំណុចទីតាំងកើតហេតុដូច សព្វដង ។ប៉ុន្តែនៅរសៀលថ្ងៃនោះ ស្រាប់តែមានខ្យល់ ព្យុះបានបោកបក់យ៉ាងខ្លាំង ចំទូកជនរងគ្រោះទាំងពីរនាក់ បណ្ដាលឱ្យលិចចូលទន្លេ បាត់ខ្លួនទាំងពីរនាក់ឪពុកមានក្មួយ។ ពេលស្ងប់ខ្យល់បងប្អូនប្រជានេសាទ បានចេញទៅរុករកភ្លាមៗដែរ ប៉ុន្តែរកមិនឃើញ។
នៅព្រឹកឡើងនៅថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២៦ ក៏លើក គ្នាចេញរុករកម្ដងទៀត ដោយប្រើប្រាស់ទូក ជាច្រើនគ្រឿងនិងអ្នកជំនាញមុជទឹកជាច្រើននាក់ផង រហូតដល់ម៉ោង ៩និង ១៥ នាទីព្រឹក ទើបបានប្រទះឃើញ សពជនរងគ្រោះ ទាំងពីរនាក់ឪពុកមានិងក្មួយ នៅចំណុច ខាងក្រោមព្រែកជ្រោយ ប បុស្ស មានចម្ងាយប្រមាណ ៥០០ម៉ែត្រពីកន្លែងកើតហេតុ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណីខ្មែរឥស្លាម នៅលំនៅដ្ឋានជនរងគ្រោះ៕










