ខេត្តព្រះសីហនុ៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតែជាបេសកកម្មអាទិភាពរបស់រាជរដ្ឋាភិបាល និងកម្លាំងអនុវត្តច្បាប់ ខណៈនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកអនឡាញមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រលើតុ ២៦គ្រឿង កុំព្យូទ័រយួរដៃ ៣២គ្រឿង ទូរសព្ទដៃ ១២១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ដែលត្រូវបានសង្ស័យថាប្រើប្រាស់ក្នុងសកម្មភាពល្មើសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត។
ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ៤០ នាក់ ក្នុងនោះមានជនជាតិចិន ៣៦នាក់ និងជនជាតិខ្មែរ ៤នាក់ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែម។
ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរ ក្នុងការសម្អាតបទល្មើសបច្ចេកវិទ្យា ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ មហាជនក៏កំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតបន្ត ដើម្បីឱ្យជនដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែង។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤០នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ស្របតាមច្បាប់ជាធរមាន៕










