ខេត្តបន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ» ។ សម្តេចតេជោ គូសបញ្ជាក់យ៉ាងច្បាស់ថា យើងសាងសង់ភូមិនេះហើយប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេ។ ដីត្រូវតែទាមទារត្រឡប់មកវិញ។
ជាក់ស្ដែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្ររបស់យើង ក៏ដូចជាសម្តេចម៉ែរបស់យើង ព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក និងបងប្អូនវីរកងទ័ពយើងគ្រប់ពេលវេលាទាំងអស់។
សម្តេចតេជោ បានរំលឹកឡើងថា ទំហំពាណិជ្ជកម្មដែលថៃនាំចូលមកកម្ពុជាកាលពីកន្លងទៅ គឺឡើងដល់ជាង១០ពាន់លានដុល្លារអាមរិក ខណៈកម្ពុជានាំចូលទៅថៃវិញ បានត្រឹមតែជាង១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
សម្ដេចតេជោ ថ្លែងថា ដោយសារការជឿទុកចិត្តគេពេក ទើបសម្ដេច កាលនោះ ជានាយករដ្ឋមន្ត្រី មិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយទេ មិនប្រើប្រាស់លុយទៅទិញគ្រឿងសព្វាវុធ ដោយចង់បង្វែរលុយទៅកាន់វិស័យសង្គមកិច្ច សុខាភិបាល និងអប់រំ តែដល់ពេលមានបញ្ហានោះ បែរជាយុទ្ធភណ្ឌរបស់យើងវាមិនគ្រប់គ្រាន់។ និយាយឱ្យចំថាមិននឹកស្មានថាមានសង្គ្រាមឈ្លានពានមួយដែលរាលដាលនៅទូទាំងព្រំដែននោះទេ។
សម្តេចតេជោ បានប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ គឺទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺចរចាដោយសន្តិវិធី។
សម្តេចតេជោ បានថ្លែងថា កម្ពុជាពុំមែនមានន័យថា គ្មានសមត្ថភាពវាយដណ្តើម យកដីមកវិញនោះទេ ប៉ុន្តែបើយើងវាយមុន ដើម្បីដណ្តើមយកមកវិញនោះ គឺគេនឹងចោទកម្ពុជាបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាត្រូវតែអត់ធ្មត់ ដើម្បីចរចាដោយសន្តិវិធី។
សម្ដេចតេជោ បានព្រមានថា ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃបានឈ្លានពានយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ។ វាយយកមកបានហើយ ក៏មិនអាចឈរជើងបានដែរ គឺវានឹងត្រូវវាយទៅវាយមក ដូចកាហ្សា និងអ៊ីស្រាអែល និងប្រទេសខ្លះទៀត ក្លាយជាជម្លោះតពូជ ពង្ស ជំនាន់ យើងមិនចង់បានទេ។
សម្ដេចតេជោ ណែនាំដល់អាជ្ញាធរប្រចាំការនៅតាមទល់ដែនទាំងឡាយ ចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ រឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន ។
សម្ដេចតេជោ បានអំពាវនាវឱ្យជំរុញបង្កើនផលិតក្នុងស្រុក ក្នុងវេលានៃការបិទព្រំដែនជាមួយថៃ ដែលជាឱកាសមាសប្រាក់សម្រាប់ពង្រឹងសេដ្ឋកិច្ចខ្មែរ ដោយលើកយកចំណូលក្រុមហ៊ុនសាប៊ូមួយមកបញ្ជាក់ថា នៅមុនពេលបិទច្រកព្រំដែន លក់បានតែ៣០ម៉ឺនដុល្លារទេក្នុងមួយខែ តែក្រោយបិទព្រំដែន មួយខែ ឡើងបីលានដុល្លារឯណោះ ។
សម្តេចតេជោ បានថ្លែងថា បើថៃមិនគោរពនូវចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីចុងឆ្នាំ២០២៥ កន្លងទៅ គឺជាការទទួលខុសត្រូវរបស់ថៃចំពោះមុខសហគមន៍អន្តរជាតិ៕ដោយ៖ សិលា










