ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទំនើបកម្មព្រំដែន និងសន្តិសុខជាតិ!

ចែករំលែក៖

ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2)» និងមុខងារឌីជីថល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកប្រព័ន្ធថ្មីនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ប្រព័ន្ធ CBMS-2 នេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។

ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ទី២ នេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល និងពង្រឹងសន្តិសុខជាតិ តាមរយៈបរិវត្តកម្មឌីជីថល ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៃរាជរដ្ឋាភិបាលនីតិកាលទី៧។

បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក្នុងគោលដៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

ដើម្បីធានាឱ្យការប្រើប្រាស់ប្រព័ន្ធ CBMS-2 ដំណើរការប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តបណ្តុះបណ្តាលផ្នែកភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បីធានាការប្រើប្រាស់ប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវការពារសុវត្ថិភាពប្រព័ន្ធឱ្យបានម៉ត់ចត់ ដើម្បីបង្ការការជ្រៀតចូល ឬការយកព័ត៌មានទៅប្រើប្រាស់ដោយខុសច្បាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យបន្តតភ្ជាប់ប្រព័ន្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីបង្កើនល្បឿន និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈដល់អ្នកដំណើរ ផ្សារភ្ជាប់គ្នារវាងការពង្រឹងសន្តិសុខ និងការផ្តល់សេវាប្រកបដោយភាពរួសរាយរាក់ទាក់ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ការបន្តស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា ក៏ដូចជាបញ្ហាប្រឈមថ្មីៗក្នុងតំបន់ និងពិភពលោក និងការសហការជិតស្និទ្ធជាមួយអង្គការអន្តរជាតិ ប្រទេសជាមិត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ បច្ចេកវិទ្យា និងព័ត៌មាន សំដៅរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងធានាសន្តិសុខ សុវត្ថិភាពព្រំដែនជាតិ ក៏ជាចំណុចដែលប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យយកចិត្តទុកដាក់ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print