សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីភាពចាំបាច់នៃការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃឡើងវិញជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា តាមរយៈសុន្ទរកថាគន្លឹះក្នុង “វេទិកាអនាគតអាស៊ានលើកទី៣” សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើចំណុចសំខាន់បីគឺ សន្តិភាព សេដ្ឋកិច្ច និងប្រជាជន។ ពាក់ព័ន្ធនឹងសន្តិភាព សម្តេចធិបតី បានរម្លឹកពីអតីតកាលនៃអាស៊ីអាគ្នេយ៍ដែលជាតំបន់ពោរពេញទៅដោយជម្លោះ ការមិនជឿទុកចិត្តគ្នា ការបែងចែកមនោគមវិជ្ជា និងភាពក្រីក្រ ប៉ុន្តែតាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត ការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន តំបន់នេះបានផ្លាស់ប្តូរបន្តិចម្តងៗ ទៅជាតំបន់មួយក្នុងចំណោមតំបន់ដែលមានស្ថិរភាព និងជវភាពបំផុតនៅលើពិភពលោក។

ការផ្លាស់ប្តូរនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការជ្រើសរើសដោយផ្ទាល់របស់ថ្នាក់ ដឹកនាំនិងប្រជាជនរបស់យើង ពោលគឺ ការជ្រើសរើសយកកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា កិច្ចសហ ប្រតិបត្តិការជាជាងការបែកបាក់ និងវឌ្ឍនភាពរួមជាជាងការប្រកួតប្រជែង។ ទោះជាយ៉ាងណាក្តី ក្នុងពេលបច្ចុប្បន្ន សន្តិភាពមិនមែនជាអ្វីដែលយើងអាចមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ។ នៅទូទាំងពិភពលោក យើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា។ បើក្រឡេកមកតំបន់យើងវិញ បទឈប់បាញ់រវាងកម្ពុជានិងថៃនៅបន្តមាន ប៉ុន្តែកំពុងស្ថិតក្នុងសភាពមួយដ៏ផុយស្រួយ កម្ពុជានៅតែមាន ក្តីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្តែងនៅក្នុងតំបន់កាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ព្រំដែន និងអធិបតេយ្យភាព ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង (faits accomplis)។ ទាំងកម្ពុជានិងថៃបានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តចំពោះការដោះស្រាយ ដោយសន្តិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ ទៅជាសន្តិភាពអចិន្ត្រៃយ៍។ ជាក់ស្តែង ភាគីទាំងពីរ បន្តបង្ហាញការប្រកាន់ខ្ជាប់នូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហេតុដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនិងជាបន្ទាន់ ចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ 

កម្ពុជានៅតែបន្តផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់របស់យើង។ ការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះនិងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ដែលឈានទៅស្ដារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវ សន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរ ដែលបានភៀសសឹកអាចវិលត្រឡប់ទៅ ផ្ទះសម្បែងវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចស្តារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ។

សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សារដោយបង្ខំ ក្រោមក្របខ័ណ្ឌ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់ប្រទេសទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលផ្អែកលើមូលដ្ឋានរឹងមាំលើច្បាប់អន្តរជាតិ។ ការបញ្ជាក់ពី ការត្រៀមលក្ខណៈរបស់ប្រទេសថៃ ក្នុងការចូលរួមក្នុងកិច្ចសម្របសម្រួលក្រោមក្របខ័ណ្ឌ UNCLOS នេះ គឺជា ជំហានគួរឱ្យស្វាគមន៍មួយឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធី លើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ដំណោះស្រាយនេះ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងស្មារតីនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំង បណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា-ថៃ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print