ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញស្រាវជ្រាវផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ខណៈកម្លាំងប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត។
សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងជំនាញបានត្រួតពិនិត្យរួមមាន៖
-ទីតាំងទី១៖ ជាប្រភេទផ្ទះសំណាក់ មានកំពស់ ០៧ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង មានការស្នាក់នៅប្រមូលផ្តុំជនជាតិឥណ្ឌូនេស៊ី២០នាក់ ស្រី២នាក់។
-ទីតាំងទី២៖ ជាប្រភេទផ្ទះល្វែង មានកំពស់៥ជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង មានការស្នាក់នៅប្រមូលផ្តុំជនជាតិឥណ្ឌូនេស៊ី៧២នាក់ ស្រី១៦នាក់។
សរុបក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនបរទេសជិត១០០នាក់ និងវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕
ដោយ ៖ សិលា










