ខេត្តរតនគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ សហការជាមួយប៉ុស្តិ៍ឡាមិញ បានចុះបង្ក្រាបករណីជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចារ៉ាយចំនួន ៣នាក់ កាលពីវេលាម៉ោង ១១ និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់បរកែវ ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបរកែវ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការខេត្ត, លោក កង សារឿន អភិបាលស្រុក និងមានការសម្រប សម្រួលពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងខេត្ត។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ឈ្មោះ រចំ វណ្ណី អាយុ ២៤ឆ្នាំ, ឈ្មោះ រម៉ាម ខេន អាយុ ២០ឆ្នាំ និងឈ្មោះ សេវ សុត្រែង អាយុ ២១ឆ្នាំ។ វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀន ៦កញ្ចប់, កាំភ្លើងកែច្នៃ ១ដើម, កាំបិត ១ដើម, ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង, ទូរសព្ទ ២គ្រឿង និងម៉ូតូ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់៕










