ភ្នំពេញ៖ បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងខែឧសភា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៦ពាន់កន្លែង។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៧ មានគម្រោងចំនួន ២៩ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៣ពាន់ កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន ១៦, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២ និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១១។
ដោយឡែក គម្រោងដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន ៨ ក្នុង ទំហំទុនវិនិយោគប្រមាណ ២៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២,២ពាន់កន្លែង។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែ រួមមាន៖ គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វស្វា, គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគារផលិតកម្មរោងចក្រផលិតស៊ីម៉ងត៍, គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសួនឌីជីថលកម្ពុជា៕ដោយ៖តារា










