ភ្នំពេញ៖ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញសហការ ជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានសហការចុះត្រួតពិនិត្យទីតាំងឃ្លាំងតូចធំ សង្ស័យលាក់ស្ដុកទុកទំនិញសាច់បង្កកពីថៃ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ រួចចរាចរនិង ចែកចាយផលិតផលបង្កកនិងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់នេះសរុបចំនួន១០៧ ទីតាំងក្នុងនោះក្រុមការងារចម្រុះបានសម្រេចបិទបណ្តោះ អាសន្នទីតាំងចំនួន១២ទីតាំង ឃាត់ខ្លួនមនុស្ស៣នាក់បន្ថែម ទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
បើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ថា៖ ក្រោមបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ បានសហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ សង្ស័យ ក្នុងមូលដ្ឋានសរុបចំនួន១៨កន្លែងបន្ថែមទៀតនាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមាន ប្រភពពីប្រទេសថៃ។
ក្នុងប្រតិបតិការទាំង១៨ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន២មានជាប់ពាក់ព័ន្ធនឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ ។ ១. ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន អេសខេអេសខេ ឯ.ក ដោយ ក្រុមការងារ ចម្រុះបាន រកឃេីញ ទំនិញនាំចូលមកពីប្រទេសថៃ ចាប់ពីដើមខែកុម្ភ: ឆ្នាំ២០២៦ ពោលគឺ ក្រោយការបិទព្រំ ដែនគោក។ទំនិញទាំងនោះ មានចំនួន៦១មុខ ជាប្រភេទ កាហ្វេ ទឹកសេរ៉ូ ម៉្សៅទឹកដោះគោ។២.ទីតាំងឃ្លាំងស្ថិតនៅផ្ទះលេខ១០២ផ្លូវ៧៩BTភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌ មានជ័យក្រុមការងារចម្រុះបានពិនិត្យរកឃើញផលិត ផល ប្រភេទសាច់បង្កករួមមាន៖ ដៃមឹកនិងជេីងទាដែលបាននាំ ចូលពីប្រទេសថៃ។
ជាលទ្ធផលសម្រាប់ប្រតិបតិ្តការ នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៦តែមួយថ្ងៃ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំងទាំង២ខាង នេះជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់និងអ្នកគ្រប់គ្រងឃ្លាំងក្នុងខណ្ឌដង្កោចំនួន២នាក់ និង ឃ្លាំងក្នុងខណ្ឌមានជ័យ ចំនួន១នាក់ ទៅធ្វើការសាកសួរនាំបន្ថែម នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕ ដោយ សំរិត










