អាល្លឺម៉ង់លត់ប្រទេសតូចបំផុត កូរ៉ាសាវ ៧-១ ក្លាយជាក្រុមជម្រើសជាតិដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup

ចែករំលែក៖

ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោក ៤ សម័យ បានចាប់ផ្តើមយុទ្ធនាការ FIFA World Cup 2026 យ៉ាងខ្លាំងក្លា ដោយយកឈ្នះក្រុមជម្រើសជាតិ កូរ៉ាសាវ(Curacao) ក្នុងលទ្ធផល ៧-១ ក្នុងការប្រកួតពូល E នៅទីក្រុង Houston។

អាល្លឺម៉ង់បានបើកការនាំមុខត្រឹមនាទីទី ៦ ប៉ុណ្ណោះ តាមរយៈការស៊ុតកោងដ៏ស្រស់ស្អាតរបស់ Felix Nmecha បន្ទាប់ពីការបញ្ជូនបាល់យ៉ាងប៉ិនប្រសប់ពី Florian Wirtz។

យ៉ាងណាក៏ដោយ ក្រុមកូរ៉ាសាវ ដែលជាប្រទេសតូចជាងគេបំផុតទាំងផ្ទៃដី និងចំនួនប្រជាជនហើយមិនដែលធ្លាប់បានចូលរួម World Cup ពីមុនក៏បានបង្កការភ្ញាក់ផ្អើលនៅនាទីទី ២១។

Livano Comenencia បានកត់ត្រាឈ្មោះរបស់ខ្លួនក្នុងប្រវត្តិសាស្ត្របាល់ទាត់កូរ៉ាសាវ ដោយស៊ុតពីក្រៅប្រអប់គ្រោះថ្នាក់ បាល់ប៉ះខ្សែការពារបន្តិច មុនចូលសំណាញ់ទីរបស់អ្នកចាំទីវ័យ ៤០ ឆ្នាំ Manuel Neuer ដែលកំពុងចូលរួម World Cup លើកទី ៥ ក្នុងអាជីព។

ក្រោយគ្រាប់បាល់តាមស្មើ អាល្លឺម៉ង់បានរៀបចំទម្រង់លេងឡើងវិញ និងរកគ្រាប់បាល់នាំមុខសាជាថ្មីនៅនាទីទី ៣៨ តាមរយៈការតែតបញ្ចូលទីរបស់ Nico Schlotterbeck ពីបាល់ជ្រុងរបស់ Nathaniel Brown។

មុនបញ្ចប់តង់ទីមួយ អាល្លឺម៉ង់ទទួលបានបាល់ពិន័យ ១១ ម៉ែត្រ បន្ទាប់ពី Riechedly Bazoer បង្កកំហុសលើ Felix Nmecha ហើយ Kai Havertz បានស៊ុតបញ្ចូលទីយ៉ាងត្រជាក់ ធ្វើឱ្យអាល្លឺម៉ង់នាំមុខ ៣-១។

ចូលដល់តង់ទីពីរ ត្រឹម ៦៩ វិនាទីប៉ុណ្ណោះ Jamal Musiala បានបន្ថែមគ្រាប់ទី ៤ ពីការបញ្ជូនរបស់ Joshua Kimmich។

អាល្លឺម៉ង់បន្តវាយលុកឥតឈប់ឈរ ដោយ Nathaniel Brown ស៊ុតបញ្ចូលទីគ្រាប់ទី ៥ ខណៈកីឡាករបម្រុង Deniz Undav រកបានគ្រាប់ទី ៦ ពីការបញ្ជូនរបស់ Kimmich។

នៅនាទីចុងក្រោយ Undav ក៏បានបញ្ជូនបាល់ឱ្យ Kai Havertz ស៊ុតបញ្ចូលទីគ្រាប់ទី ៧ ដោយបាល់លើករំលងអ្នកចាំទី Eloy Room យ៉ាងស្រស់ស្អាត បិទការប្រកួតក្នុងលទ្ធផល ៧-១។

ជ័យជម្នះនេះស្មើនឹងលទ្ធផលដ៏ល្បីរបស់អាល្លឺម៉ង់ដែលធ្លាប់យកឈ្នះ ប្រេស៊ីល ៧-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2014 ដែលជាឆ្នាំចុងក្រោយដែលពួកគេលើកពានជើងឯកពិភពលោក។

លើសពីនេះ អាល្លឺម៉ង់ក៏បានក្លាយជាក្រុមជម្រើសជាតិដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ ដោយកើនដល់ 239 គ្រាប់ វ៉ាដាច់ប្រេស៊ីលនៅក្នុងបញ្ជីកំណត់ត្រាពិភពលោក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print