ខ្សែបម្រើ Daichi Kamada បានក្លាយជាវីរបុរសរបស់ក្រុមជម្រើសជាតិ ជប៉ុន ក្រោយតែតបញ្ចូលទីនៅចុងម៉ោង ជួយឱ្យក្រុមសាមូរ៉ៃខៀវតាមស្មើក្រុម Netherlands ២-២ ក្នុងការប្រកួតបើកឆាកពូល F នៃព្រឹត្តិការណ៍ FIFA World Cup 2026 នៅទីក្រុង Dallas។
ការប្រកួតដែលត្រូវបានគេចាត់ទុកថាជាជំនួបដ៏ទាក់ទាញមួយក្នុងវគ្គចែកពូល បានចាប់ផ្តើមយ៉ាងស្ងប់ស្ងាត់ មុននឹងប្រែក្លាយជាការប្រកួតដ៏រំភើបនៅតង់ទីពីរ។
នៅតង់ទីមួយ ក្រុមហូឡង់របស់គ្រូបង្វឹក Ronald Koeman បានបង្ហាញភាពគ្រោះថ្នាក់ជាង ដោយខ្សែប្រយុទ្ធ Donyell Malen បានបង្កបញ្ហាជាច្រើនដល់ខ្សែការពារជប៉ុន និងបង្ខំឱ្យអ្នកចាំទី Zion Suzuki សង្គ្រោះបាល់សំខាន់ៗចំនួនបីលើក។
ចូលដល់តង់ទីពីរ ក្រុមរហស្សនាមមជ្ជុរាជពណ៍ “ទឹកក្រូច” បានបើកការនាំមុខនៅនាទីទី ៥១ នៅពេលប្រធានក្រុម Virgil van Dijk តែតបញ្ចូលទីយ៉ាងច្បាស់ពីការបញ្ជូនរបស់មិត្តរួមក្លិប Liverpool Ryan Gravenberch។
យ៉ាងណាមិញ ជប៉ុនមិនបានបោះបង់ការតស៊ូនោះទេ ហើយតាមស្មើវិញបានត្រឹម ៦ នាទីក្រោយមក តាមរយៈការស៊ុតទាបដ៏មានថាមពលរបស់ Keito Nakamura ដែលធ្វើឱ្យអ្នកចាំទី Bart Verbruggen មិនអាចសង្គ្រោះបាន។
ហូឡង់បានឆ្លើយតបវិញយ៉ាងឆាប់រហ័សនៅនាទីទី ៦៤ ដោយកីឡាករ Crysencio Summerville កាត់ចូលពីខាងស្តាំ មុនស៊ុតបាល់ទាបផុតដៃ Zion Suzuki ដើម្បីនាំមុខ ២-១ សាជាថ្មី។
ទោះជាយ៉ាងណា ក្រុមជប៉ុនបានបន្តដាក់សម្ពាធរហូតដល់ចុងការប្រកួត និងទទួលបានជោគជ័យនៅនាទីទី ៨៨។ Koki Ogawa បានស៊ុតបាល់ឆ្ពោះទៅទី មុនដែល Daichi Kamada លោតតែតប្ដូរទិសបាល់យ៉ាងប៉ិនប្រសប់ បញ្ជូនចូលសំណាញ់ទី និងជួយឱ្យជប៉ុនតាមស្មើ ២-២។
គ្រាប់បាល់ចុងម៉ោងនេះ បានធ្វើឱ្យអ្នកគាំទ្រជប៉ុនរាប់ពាន់នាក់ដែលធ្វើដំណើរមកគាំទ្រក្រុមនៅ Dallas ផ្ទុះការអបអរសាទរ ខណៈជប៉ុនទទួលបានមួយពិន្ទុដ៏មានតម្លៃពីការប្រកួតដំបូង។
លទ្ធផលស្មើនេះក៏បង្ហាញពីភាពរឹងមាំ និងស្មារតីតស៊ូរបស់ជប៉ុន ខណៈហូឡង់ត្រូវរង់ចាំការប្រកួតបន្ទាប់ ដើម្បីស្វែងរកជ័យជម្នះលើកដំបូងក្នុងពូល F៕










