សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ​បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»​ ​។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

– សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្ស គឺជាដង្ហើមនៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាតិ។​

– សម្ដេចធិបតី ថ្លែងថា ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺចិញ្ចាច និងមានតម្លៃឥតគណនា ចំពោះអាទិភាពនៃសង្គមស៊ីវីល័យនៅកម្ពុជា។

– សម្ដេចធិបតី ថ្លែងថា ធនធានមនុស្សនៅកម្ពុជាយើងផ្តោតសំខាន់ទៅលើអាទិភាពចំនួនបី គឺទី១ សុខភាព ទី២ ចំណេះដឹង បំណិន និងទី៣ គឺការងារ និងអាជីព។

– សម្ដេចធិបតី​ ថ្លែងថា​ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាពរបស់គាត់ តាំងពីតូចរហូតដល់គាត់ស្លាប់ទៅវិញ ធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗពោរពេញទៅដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ មិនជាបន្ទុករបស់គ្រួសារ ព្រោះសុខមិនភាពល្អ គឺជាបន្ទុក។ ចំណែកចំណេះដឹង បណិន ក៏ចាំបាច់ មានសុខភាពហើយត្រូវមានសមត្ថភាព មានចំណេះដឹង និងបំណិនគ្រប់គ្រាន់ សម្រាប់ធានានូវការចូលរួមរបស់គាត់នៅក្នុងសង្គម។

– សម្ដេចធិបតី ថ្លែងថា​ ការកសាងនូវឱកាសការងារនេះ គឺសំខាន់ណាស់ ដូច្នេះហើយបានជាពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុវត្តនូវគោលនយោបាយមានការប្រែប្រួលពីមួយអាណត្តិទៅមួយអាណត្តិ ដូច្នេះចាប់ពីឆ្នាំ១៩៩០ជាងមកកម្ពុជាផ្ដោតលើវិស័យឧស្សាហកម្មកាត់ដេរ ប៉ុន្ដែមកដល់ពេលនេះគឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងកុំព្យូទ័រ ជាដើម ដែលការងារនេះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំទ្រជាច្រើនដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញទៅតាមតម្រូវការទីផ្សារ។

-​ សម្ដេចធិបតី​ ថ្លែងកោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ខណៈចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។

– សម្ដេចធិបតី ថ្លែងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ ក្នុងគោលបំណងផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងការអប់រំចំណេះដឹងទូទៅជាមួយនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមកដល់ពេលនេះក៏បានដាក់អនុវត្តសាកល្បងនៅតាមបណ្ដាវិទ្យាល័យចំនួន ៤៩ រួចទៅហើយនៅទូទាំងប្រទេសកម្ពុជា។

– សម្ដេចធិបតី ថ្លែងថា​ យន្តការ«គន្លងវិជ្ជាជីវៈ» នេះ នឹងអនុញ្ញាតឱ្យសិស្ស និស្សិតមានជម្រើសកាន់តែទូលំទូលាយក្នុងការទទួលបាន ជំនាញពិតប្រាកដស្របតាមសក្តានុពលតំបន់ ដើម្បីឆ្លើយតបយ៉ាងចំគោលដៅ ទៅនឹងតម្រូវការ កម្លាំងពលកម្មជំនាញក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ជាពិសេសនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនានា ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចជាតិនៅតាម បណ្តាខេត្តគោលដៅ។

– សម្ដេចធិបតី ថ្លែងថា​ គាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័តតាមរថយន្តជាច្រើនគ្រឿង, បច្ចុប្បន្ន ផលិតបានចំនួន ៨គ្រឿង, ដោយមាន បំពាក់សម្ភារៈឧបទេសស្តង់ដា ដែលអាចចុះទៅបណ្តុះបណ្តាលជំនាញខ្លីៗ ឱ្យដល់កៀកមាត់ទ្វារ ផ្ទះរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តោតលើជំនាញមានតម្រូវការទីផ្សារខ្ពស់ និងងាយស្រួលក្នុងការបង្កើតមុខរបរខ្លួនឯង មានការថែទាំបរិក្ខារត្រជាក់, ធុរកិច្ចភេសជ្ជៈ មានសិល្បៈចុង កាហ្វេ និងភេសជ្ជៈ, ការដំឡើងបណ្តាញអគ្គិសនី និងបំពង់ទឹកក្នុងអគារ, ជំនាញឌីជីថល, ការថែទាំ និងជួសជុលរថយន្ត, និងសេវាកម្មសម្ផស្ស ជាដើម។

– សម្ដេចធិបតី ថ្លែងថា​ ការអនុវត្តការបណ្តុះបណ្តាលជំនាញចល័តតាមរថយន្តនេះ គឺជាយុទ្ធសាស្ត្រ «នាំជំនាញទៅរក អ្នកសិក្សា ឬ TVET is ready to move» ដើម្បីធានាថា គ្មានយុវជនណាម្នាក់ត្រូវបានបោះបង់ ចោលដោយសារបញ្ហាភូមិសាស្ត្រ ឬលទ្ធភាពនៃការធ្វើដំណើរឡើយ។

– សម្ដេចធិបតី សង្ឃឹមថា ប្រជាពលរដ្ឋ និងយុវជន នឹងចូលរួមលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ ជាពិសេសការអនុវត្តការបណ្តុះបណ្តាលជំនាញចល័តតាមរថយន្តនៅតាមមូលដ្ឋានផ្ទាល់។ សម្ដេចសង្គត់ធ្ងន់ទៅកាន់ក្រសួងការងារថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះត្រូវប្រកាន់ខ្ជាប់ គឺយុវជនក្រោយពេលរៀនចប់ មានចំណេះជំនាញពិតប្រាកដ អាចបំពេញការងារទៅតាមតម្រូវការទីផ្សារបានដោយមានប្រសិទ្ធភាព។ 

– សម្ដេចធិបតី ថ្លែង​ណែនាំដល់ក្រសួងការងារ ចំពោះការបណ្ដុះបណ្ដាលជំនាញនេះឱ្យមានប្រសិទ្ធភាព ក្រសួងត្រូវត្រៀមលក្ខណៈ គ្រូឱ្យច្បាស់ ឱ្យប្រាកដ និងមេរៀនបង្រៀនឱ្យចំគោលដៅ។ 

– សម្ដេចធិបតី​ ថ្លែងថា​ កាលពីសប្ដាហ៍មុន សម្ដេចបានលួចទៅពិនិត្យមើលការបណ្ដុះបណ្ដាលវគ្គហ្វឹកហ្វឺនមួយ ដែលវគ្គនេះគឺជាមេរៀនថ្មី ក្រុមគ្រូមួយក្រុមបានស្រាវជ្រាវ, ស្រាប់តែបានហើយគាត់ទម្លាក់ទៅឱ្យក្រុមគ្រូមួយទៀត ដើម្បីបើកថ្នាក់បង្រៀនសិស្សចំនួន ២០០ នាក់, ពេលនេះសម្ដេចសួរថាតើធ្លាប់បង្រៀនទេ ក្រុមគ្រូបានប្រាប់ថា មិនធ្លាប់បង្រៀនទេ ធ្លាប់បង្រៀនតែកម្រិតមួយ ប៉ុន្ដែថ្នាក់លើទម្លាក់មេរៀនមកឱ្យបង្រៀនកម្រិតពីរ។ ខ្ញុំថា ប៉ុណ្ណឹងងាប់បាត់។ 

– សម្ដេចធិបតី ថ្លែងថា​ ការបណ្ដុះបណ្ដាលជំនាញនេះ គ្រូត្រូវឱ្យប្រាកដ កុំខ្វះគ្រូ ទៅយកគ្រូជំនាញអគ្គិសនី មកបង្រៀនឆុងកាហ្វេ។ ការបណ្ដុះបណ្ដាលជំនាញនេះ មុនគេគឺត្រូវធានាគុណភាពគ្រូ បើសិនជាគ្រូមិនប្រាកដទេ សិស្សកាន់តែមិនប្រាកដទៅទៀត។

– សម្ដេចធិបតី ថ្លែងថា គំនិតផ្គួចផ្ដើមខ្ញុំគាំទ្រ តែសូមធានាគុណភាពឱ្យបាន ព្រោះរៀនខុសនេះគ្រោះថ្នាក់ទៀត ព្រោះសិស្សត្រូវជឿគ្រូហើយបើគ្រូមិនច្បាស់ទៅបង្រៀនសិស្ស សិស្សរៀនដំបូងគេ យកក្បួនខុសនេះគឺលំបាកហើយ ដូច្នេះត្រូវធ្វើម៉េចយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលគ្រូ និងរៀបចំមេរៀនឱ្យត្រូវតែម្ដង។ 

– សម្ដេចធិបតី ថ្លែងណែនាំឱ្យក្រសួងការងារយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈដល់យុវជន គឺត្រូវឱ្យយុវជនរៀនឱ្យចប់ រៀនឱ្យចេះ រៀនហើយអាចផ្គុំជាមួយការងារដែលអាចធ្វើទៅបាន ដែលនេះគឺជាគោលដៅដែលរាជរដ្ឋាភិបាលចង់បានសម្រាប់ការបណ្ដុះបណ្ដាលជំនាញនេះ។ 

  សម្ដេចធិបតី ថ្លែងណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ, សម្ដេចក៏បានអរគុណដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធដែលនាពេលកន្លងទៅនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនពលករត្រឡប់មកពីថៃវិញ។

សូមជម្រាបជូនថា​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នាព្រឹកថ្ងៃចន្ទ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ អបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «TVET (ធីវេត) ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និង ភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ជាពិសេសសម្រាប់យុវជន ដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ការប្រារព្ធទិវាជាតិនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈ ការផ្សព្វផ្សាយ ការជំរុញ និងការលើកទឹកចិត្តដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និង ទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំងក្នុងនិងក្រៅប្រទេស។

នាឱកាស​នោះ​ដែរ​ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ​ បណ្ដុះបណ្ដាល​និង​វិជ្ជាជីវៈ​ បានបញ្ជាក់ថា​ គិតចាប់ពីឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦នេះ សិស្សដែលបាននិងកំពុងបណ្តុះ បណ្តាលមានសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះ គ្រឹះស្ថានក្រោមឱវាទក្រសួងចំនួន ២២,៩ ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួន ៤,២ម៉ឺននាក់។

លោករដ្ឋមន្ត្រី ហេង សួរ បន្តថា ក្នុងការអនុវត្តកម្មវិធីធីវេតនេះក្រសួងក៏បានបង្កើនការផ្តល់ឱកាសឱ្យបានជាអតិបរមាដល់យុវជន និងបងប្អូនកម្មករនិយោជិត តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យមានភាពបត់បែនខ្ពស់បំផុត ដោយបានដាក់ចេញនូវ វេនសិក្សារហូតដល់ ៧វេន (ព្រឹក រសៀល យប់ និងចុងសប្តាហ៍) ដែលអនុញ្ញាតឱ្យសិស្សានុសិស្ស ក៏ដូចជាបងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារ អាចជ្រើសរើសពេលវេលាសិក្សា ដែលសមស្រប ដើម្បីបង្កើនជំនាញ និងផ្លាស់ប្តូរជំនាញ (Upskilling & Reskilling) ដោយមិនប៉ះពាល់ដល់ការងារប្រចាំថ្ងៃ និងការស្វែងរកចំណូលសម្រាប់គ្រួសារឡើយព្រមទាំងមានការចូលរួមចំណែក យ៉ាងសកម្មពីយន្តការបណ្តុះបណ្តាលដទៃទៀតរួមមានមូលនិធិអភិវឌ្ឍន៍ជំនាញ ផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់បន្ថែមថា ក្នុងការអនុវត្តកម្មវិធីធីវេតនេះក្រសួងក៏បានបង្កើនការផ្តល់ឱកាសឱ្យបានជាអតិបរមាដល់យុវជន និងបងប្អូនកម្មករនិយោជិត តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យមានភាពបត់បែនខ្ពស់បំផុតដោយបានដាក់ចេញនូវវេនសិក្សារហូតដល់ ៧វេន (ព្រឹក រសៀល យប់ និងចុងសប្តាហ៍) ដែលអនុញ្ញាតឱ្យសិស្សានុសិស្ស ក៏ដូចជាបងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារ អាចជ្រើសរើសពេលវេលាសិក្សា ដែលសមស្រប ដើម្បីបង្កើនជំនាញ និងផ្លាស់ប្តូរជំនាញ (Upskilling & Reskilling) ដោយមិនប៉ះពាល់ដល់ការងារប្រចាំថ្ងៃ និងការស្វែងរកចំណូលសម្រាប់គ្រួសារឡើយព្រមទាំងមានការចូលរួមចំណែក យ៉ាងសកម្មពីយន្តការបណ្តុះបណ្តាលដទៃទៀតរួមមានមូលនិធិអភិវឌ្ឍន៍ជំនាញ ផងដែរ។

លោក ហេង សួរ បានពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័តជាច្រើនគ្រឿង, បច្ចុប្បន្ន ផលិតបានចំនួន ៨គ្រឿង, ដោយមាន បំពាក់សម្ភារៈឧបទេសស្តង់ដា ដែលអាចចុះទៅបណ្តុះបណ្តាលជំនាញខ្លីៗ ឱ្យដល់កៀកមាត់ទ្វារ ផ្ទះរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តោតលើជំនាញមានតម្រូវការទីផ្សារខ្ពស់ និងងាយស្រួលក្នុងការបង្កើតមុខរបរខ្លួនឯង មានការថែទាំបរិក្ខារត្រជាក់, ធុរកិច្ចភេសជ្ជៈ មានសិល្បៈចុង កាហ្វេ និងភេសជ្ជៈ, ការដំឡើងបណ្តាញអគ្គិសនី និងបំពង់ទឹកក្នុងអគារ, ជំនាញឌីជីថល, ការថែទាំ និងជួសជុលរថយន្ត, និងសេវាកម្មសម្ផស្ស ជាដើម។ នេះគឺជាយុទ្ធសាស្ត្រ «នាំជំនាញទៅរក អ្នកសិក្សា ឬ TVET is ready to move» ដើម្បីធានាថា គ្មានយុវជនណាម្នាក់ត្រូវបានបោះបង់ ចោលដោយសារបញ្ហាភូមិសាស្ត្រ ឬលទ្ធភាពនៃការធ្វើដំណើរឡើយ។ 

លោក ហេង សួរ បានលេីកឡេីងថា​ នៅថ្ងៃនេះ ក្រសួងការងារ និងធ្វើកិច្ចសហការជាមួយក្រុមហ៊ុន BYD (Cambodia) ដើម្បីជំរុញការបង្កើតមូលដ្ឋានបណ្តុះបណ្តាលសម្រាប់វិស័យរថយន្តថាមពលថ្មី ព្រមទាំងកិច្ច-សហការជាមួយវិទ្យាស្ថានល្បីៗជាច្រើនទៀត លើវិស័យឌីជីថល និងបច្ចេកវិទ្យាទំនើបកម្ម ដែល តាមរយៈការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនេះ ក្រសួងនឹងអាចម្ចាស់ការបាន លើការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញផ្នែកយានយន្តនេះ នៅឆ្នាំ២០២៧ ខាងមុខ៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print