ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៧ ប្រារព្ធឡើងនៅបរិវេណឆ្នេរព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍គូសបញ្ជាក់ថា មន្ត្រីរាជការគឺជាតួអង្គស្នូលសំខាន់បំផុតក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋអនុវត្តតាម។
ពីវេទិកាអធិបតី ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត សមាជិក សមាជិកា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) តំណាងអង្គការដៃគូ វិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១,០០០នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ដោយពុំទាន់មានសញ្ញាណថមថយគួរឱ្យកត់សម្គាល់នោះទេ។
ជាក់ស្តែងក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ដោយក្តីព្រួយបារម្ភថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ទើររាល់ថ្ងៃនេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់ជីវិត និងរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។
ក្នុងនាម ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រមុខក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្រុមហ៊ុនដឹកជញ្ជូន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានអំពាវនាវថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានផ្តល់អនុសាសន៍សំខាន់ៗចំនួន១១ចំណុច ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដើម្បីតម្កល់ឆន្ទៈក្នុងការគោរពអនុវត្តច្បាប់ ប្រកបដោយ ស្មារតីទទួលខុសត្រូវ។
អនុសាសន៍ទាំងនោះរួមមាន ទី១.ត្រូវចេះបើកបរ ឱ្យបានត្រឹមត្រូវជាដាច់ខាត ២.មិនត្រូវបើកបរ លើសល្បឿនកំណត់ដាច់ខាត ៣.មិនត្រូវបើកបរ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៤.មិនត្រូវបើកបរ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៥.មិនត្រូវបើកបរ ស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត ៦.ត្រូវគោរពផ្លាកសញ្ញា ភ្លើងសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ៧.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច គ្រប់ពេលធ្វើដំណើរតាមទោចក្រយានយន្ត ៨.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ៩.ត្រូវប្រកាន់ស្តាំជានិច្ច ១០.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និងទី១១.ត្រូវមានសីលធម៌យោគយល់អធ្យាស្រ័យ និងប្រុងប្រយ័ត្នជានិច្ច។
គួររម្លឹកថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦ មូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ទូទាំងប្រទេស រួមមាន ការបើកបរលើសល្បឿនកំណត់ ៤៦% មិនគោរពសិទ្ធិអាទិភាព ២២% មិនប្រកាន់ស្តាំ ១២% វ៉ាជែងមិនប្រុងប្រយ័ត្ន ៧% បត់មិនត្រឹមត្រូវ ៥% បើកបរក្នុងស្ថានភាពស្រវឹង ៤% ល្មើសសញ្ញាចរាចរណ៍ ២% ងងុយដេក ១% និងកត្តាបច្ចេកទេសយានយន្ត ១%។
ដោយឡែក ចំពោះខេត្តកំពត ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣១លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៧នាក់ ស្រី៣នាក់ របួសធ្ងន់-ស្រាលចំនួន ៥៤នាក់ ស្រី ១៩នាក់៕











