គ្រូបង្វឹកន័រវេស៖ «គ្រាន់តែផ្តល់បាល់ឱ្យ Haaland គាត់អាចរកគ្រាប់បាល់បាន»

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិន័រវេស Stale Solbakken បានបង្ហាញទំនុកចិត្តយ៉ាងខ្លាំងលើខ្សែប្រយុទ្ធឆ្នើម Erling Haaland មុនការប្រកួតបើកឆាក FIFA World Cup 2026 ទល់នឹងក្រុមជម្រើសជាតិ អ៊ីរ៉ាក់នៅថ្ងៃអង្គារ ដោយលោកជឿជាក់ថា កីឡាកររូបនេះនឹងបន្តបង្ហាញសមត្ថភាពរកគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្លួន។

ន័រវេសបានវិលត្រឡប់មកកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងរយៈពេល 28 ឆ្នាំ ហើយ Haaland ត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងសំខាន់បំផុតរបស់ក្រុម បន្ទាប់ពីស៊ុតបញ្ចូលទីបាន 16 គ្រាប់ក្នុងការប្រកួតជម្រុះចំនួន 8 លើក ដែលជាចំនួនច្រើនជាងកីឡាករណាម្នាក់នៅអឺរ៉ុបទ្វេដង។

លោក Solbakken បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថាគាត់នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើការប្រកួត។ ប្រសិនបើយើងអាចបង្កើតឱកាសឱ្យ Erling បានច្រើន គាត់តែងតែមានទម្លាប់បញ្ចប់ទីដោយជោគជ័យ»។

លោកបានបន្ថែមថា Haaland បានវិលត្រឡប់មករកទម្រង់លេងល្អបំផុតវិញ បន្ទាប់ពីទទួលបានពេលសម្រាកគ្រប់គ្រាន់ទាំងពីរក្លិប Manchester City និងក្រុមជម្រើសជាតិន័រវេស មុនការប្រកួត World Cup។

គ្រូបង្វឹកវ័យចំណាស់រូបនេះក៏បានកោតសរសើរប្រធានក្រុម Martin Odegaard ដែលជាកីឡាករបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងវគ្គជម្រុះតំបន់អឺរ៉ុប បើទោះបីជាធ្លាប់អវត្តមានរយៈពេលយូរដោយសាររបួសក៏ដោយ។

យោងតាម Solbakken អវត្តមានរបស់ Odegaard បានជួយឱ្យកីឡាករផ្សេងៗក្នុងក្រុមអភិវឌ្ឍខ្លួន និងមានទំនុកចិត្តកាន់តែខ្លាំង។

ទោះជាយ៉ាងណា ន័រវេសក៏ទទួលបានដំណឹងមិនសូវល្អផងដែរ ខណៈខ្សែប្រយុទ្ធ Jorgen Strand Larsen កំពុងមានអាការៈក្តៅខ្លួន មុនការប្រកួតដ៏សំខាន់នេះ។

ការប្រកួតរវាងន័រវេស និងអ៊ីរ៉ាក់ នឹងធ្វើឡើងនៅកីឡដ្ឋានរបស់ក្រុម New England Patriots ជាយក្រុងបូស្តុន សហរដ្ឋអាមេរិក។

Solbakken បានព្រមានថា អ៊ីរ៉ាក់ជាក្រុមដែលមានការរៀបចំប្រព័ន្ធការពារល្អ និងមានគ្រោះថ្នាក់ខ្លាំងពីការបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់។ លោកក៏បានលើកឡើងពីបទពិសោធន៍របស់គ្រូបង្វឹកអ៊ីរ៉ាក់ Graham Arnold ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិអូស្ត្រាលីឈានដល់វគ្គ 16 ក្រុមចុងក្រោយនៅ World Cup 2022 មុនចាញ់ក្រុមម្ចាស់ជើងឯក អាហ្សង់ទីន។

...

ជាមួយនឹងក្តីសង្ឃឹមខ្ពស់ និងកម្លាំងប្រយុទ្ធដឹកនាំដោយ Haaland ន័រវេសកំពុងរំពឹងថានឹងចាប់ផ្តើមយុទ្ធនាការ World Cup 2026 របស់ខ្លួនដោយលទ្ធផលវិជ្ជមាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print