ភ្នំពេញ÷ នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន០៣នាក់ក្នុងបន្ទប់ជួលភូមិដើមចាន់១ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន ខុសច្បាប់ កាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល គ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យ ប្រុស-ស្រីទាំង០៣នាក់ រួមមាន :
១- ឈ្មោះ អ៊ុក វណ្ណរ៉ូ ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់១ សង្កាច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
២- ឈ្មោះ សុភាព ម៉ានិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់១ សង្កាច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
៣- ឈ្មោះ សេង ស្រីនាង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់១ សង្កាច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ប្រុស -ស្រីទាំង០៣នាក់ (ស្រី០១នាក់) ខាងលើនេះ បន្ទាប់ពីទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋ នៅតំបន់ភូមិដើមចាន់ មានក្រុមជនសង្ស័យ ០១ក្រុម ប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿង និងថែមទាំងមានការជួញដូរក្នុងបន្ទប់ជួល ។ ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅកាន់ទីតាំងខាងលើ ធ្វើការឡោមព័ទ្ធ បង្ក្រាបបានជាក់ស្តែង និងឃាត់ជនសង្ស័យទាំង០៣នាក់ ទៅកាន់ប៉ុស្តិ៍ច្បារអំពៅទី២ តែម្តង! ។
សមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន :- ក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ០១កញ្ចប់ថង់ធំល្មម, – ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និង- ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ខាងលើត្រូវបានសមត្ថកិច្ច ជំនាញ ចាត់វិធានការការបន្តតាមនីតិវិធីច្បាប់៕










