គ្រូបង្វឹកក្រូអាតព្រមានកូនក្រុមឱ្យប្រយ័ត្នគ្រោះថ្នាក់ពីខ្សែប្រយុទ្ធ Kane មុនជួបអង់គ្លេសនៅ World Cup

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតលោក Zlatko Dalić បានព្រមានកូនក្រុមរបស់ខ្លួនឱ្យប្រុងប្រយ័ត្នចំពោះសមត្ថភាពរកគ្រាប់បាល់ដ៏គ្រោះថ្នាក់របស់ប្រធានក្រុមអង់គ្លេស Harry Kane មុនការប្រកួតបើកឆាកពូល L នៅទីក្រុង Dallas នាថ្ងៃពុធនេះ។

Kane មកកាន់ World Cup 2026 ជាមួយទម្រង់លេងដ៏ល្អបំផុត បន្ទាប់ពីរកបាន 61 គ្រាប់ក្នុង 51 ប្រកួតគ្រប់កម្មវិធីឱ្យក្លិប Bayern Munich កាលពីរដូវកាលមុន ដែលធ្វើឱ្យលោក Dalićចាត់ទុករូបគេជាខ្សែប្រយុទ្ធល្អបំផុតម្នាក់ក្នុងពិភពលោក។

លោក Dalić បាននិយាយថា៖
«ពួកគេមានខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោក គឺ Harry Kane ហើយគាត់អាចបង្កគ្រោះថ្នាក់បានគ្រប់ពេល។ យើងនឹងខិតខំការពារឱ្យបានល្អ ប៉ុន្តែក៏ត្រូវវាយលុកទៅមុខផងដែរ។»
«ការលេងបាល់ស្តង់ដារ និងបាល់ជ្រុងនឹងជាបញ្ហាលំបាកមួយ ប៉ុន្តែយើងបានត្រៀមខ្លួនរួចរាល់។ ខ្ញុំរំពឹងថានឹងមានការប្រកួតដ៏អស្ចារ្យមួយ ហើយវាក៏ជាការត្រៀមដ៏សំខាន់សម្រាប់ការប្រកួតពីរបន្ទាប់ក្នុងពូលផងដែរ»។

ទន្ទឹមនឹងនេះ ខ្សែបម្រើជើងចាស់ Luka Modrić នៅតែជាស្នូលដ៏សំខាន់របស់ក្រុមក្រូអាត។ កីឡាករវ័យ 40 ឆ្នាំរូបនេះ នឹងបង្ហាញខ្លួនឱ្យជម្រើសជាតិជាលើកទី 199 ក្នុងការប្រកួតទល់នឹងអង់គ្លេស។

DalićបានសរសើរModrićថា៖
«គាត់មានតម្លៃយ៉ាងខ្លាំងសម្រាប់ក្រុម ទាំងក្នុងនាមជាប្រធានក្រុម និងក្នុងនាមជាមនុស្សម្នាក់។ គាត់គឺជាដៃស្តាំរបស់ខ្ញុំនៅលើទីលាន។» «កីឡាករវ័យក្មេងមានសំណាងណាស់ដែលមាន Luka ជាគំរូក្នុងការលះបង់ និងប្រយុទ្ធដើម្បីអាវជម្រើសជាតិ ហើយយើងក៏មានសំណាងដែរ ដែលគាត់នៅតែស្ថិតនៅជាមួយក្រុមរហូតមកដល់ពេលនេះ»។

គួររំលឹកថា ក្រូអាតបានបង្កើតប្រវត្តិសាស្ត្រយ៉ាងអស្ចារ្យក្នុង World Cup ពីរលើកចុងក្រោយ ដោយឡើងដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ 2018 ក្រោយទម្លាក់អង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តឡើងដល់វគ្គ 4 ក្រុមចុងក្រោយម្តងទៀតនៅឆ្នាំ 2022 មុនចាញ់អាហ្សង់ទីន ដែលក្រោយមកក្លាយជាជើងឯក។

ទោះជាយ៉ាងណា Dalić បញ្ជាក់ថា អតីតកាលគ្រាន់តែជាប្រវត្តិសាស្ត្រប៉ុណ្ណោះ។ «អ្វីដែលកន្លងមក គឺជាប្រវត្តិសាស្ត្រ។ យើងមិនអាចរស់នៅជាមួយអតីតកាលបានទេ។ នេះគឺជា World Cup ថ្មី និងការប្រកួតថ្មីៗ ដែលយើងចង់បង្ហាញសមត្ថភាពឱ្យបានល្អបំផុត។ គោលដៅដំបូងរបស់យើង គឺឆ្លងផុតវគ្គចែកពូលសិន បន្ទាប់មកទើបគិតពីជំហានបន្ទាប់»។

ការប្រកួតរវាងអង់គ្លេស និងក្រូអាត ត្រូវបានគេចាត់ទុកថាជាការប្រកួតធំជាងគេមួយក្នុងវគ្គចែកពូល World Cup 2026 ខណៈក្រុមទាំងពីរសុទ្ធតែមានមហិច្ឆតាឈានទៅឆ្ងាយក្នុងព្រឹត្តិការណ៍នេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print