Ronaldoរងការរិះគន់ក្រោយបង្ហាញទម្រង់លេងមិនសូវល្អ ខណៈ Messi, Mbappe និង Haaland សុទ្ធតែបញ្ចេញពន្លឺនៅ World Cup 2026

ចែករំលែក៖

កំពូលតារាបាល់ទាត់ពិភពលោកបីរូបបានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅព្រឹត្តិការណ៍ FIFA World Cup 2026 កាលពីថ្ងៃអង្គារ ដោយធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកមានការភ្ញាក់ផ្អើល។

ខ្សែប្រយុទ្ធបារាំង Kylian Mbappe ស៊ុតបាន 2 គ្រាប់ក្នុងជ័យជម្នះលើសេណេហ្គាល់ និងបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបារាំង។

បន្ទាប់មក Erling Haaland របស់ន័រវេស បានស៊ុត 2 គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ World Cup ជួយក្រុមយកឈ្នះអ៊ីរ៉ាក់។

មិនត្រឹមតែប៉ុណ្ណោះទេ Lionel Messi បានស៊ុត Hat-trick ជួយអាហ្សង់ទីនឈ្នះអាល់ហ្សេរី 3-0 និងតាមស្មើកំណត់ត្រាគ្រាប់បាល់ World Cup របស់ Miroslav Klose ដែលមាន 16 គ្រាប់។

ផ្ទុយទៅវិញ នៅថ្ងៃពុធ វេទិកាត្រូវបានរំពឹងថាជាឱកាសរបស់ Cristiano Ronaldo ក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាកីឡាករដំបូងគេដែលអាចរកគ្រាប់បាល់បាននៅ World Cup ចំនួន 6 សម័យផ្សេងគ្នា។ ប៉ុន្តែខ្សែប្រយុទ្ធវ័យ 41 ឆ្នាំរូបនេះ មិនអាចធ្វើបានឡើយ ខណៈព័រទុយហ្គាល់បានត្រឹមស្មើ កុងហ្គោ 1-1។

ការប្រកួតមិនបានដំណើរការដូចការរំពឹងទុកឡើយ។ ព័រទុយហ្គាល់បាននាំមុខមុននៅនាទីទី 6 តាមរយៈគ្រាប់បាល់របស់ Joao Neves បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Pedro Neto។

ប៉ុន្តែ Yoane Wissa បានតែតបញ្ចូលទីស្មើឱ្យ កុងហ្គោ មុនចប់តង់ទីមួយ។

ទោះបីព័រទុយហ្គាល់គ្រប់គ្រងបាល់ដល់ទៅ 75% ក៏ដោយ ពួកគេមានការស៊ុតសរុបត្រឹម 7 ដងប៉ុណ្ណោះ ហើយមានតែ 1 ដងគត់ដែលចំគោលដៅ។

អតីតខ្សែប្រយុទ្ធ Premier League លោក Chris Sutton បានរិះគន់គ្រូបង្វឹក Roberto Martinez ចំពោះការទុក Ronaldo លេងពេញ 90 នាទី ទោះបីជាមិនសូវមានឥទ្ធិពលលើការប្រកួតក៏ដោយ។

Ronaldo ដែលកំពុងខិតជិតដល់ការរកគ្រាប់បាល់ទី 1,000 ក្នុងអាជីពរបស់ខ្លួន មានឱកាសល្អពីរដងនៅតង់ទីពីរ ប៉ុន្តែមិនអាចបំប្លែងវាទៅជាគ្រាប់បាល់បានឡើយ។

ស្ថិតិបង្ហាញថា Ronaldo ប៉ះបាល់បានត្រឹម 25 ដងប៉ុណ្ណោះ ដែលជាចំនួនតិចបំផុតក្នុងចំណោមកីឡាករព័រទុយហ្គាល់ទាំងអស់ដែលលេងពេញការប្រកួត។

...

បច្ចុប្បន្ន Ronaldo បានបន្តកំណត់ត្រាមិនអាចរកគ្រាប់បាល់បានក្នុង 10 ប្រកួតជាប់គ្នា នៅព្រឹត្តិការណ៍ធំៗអន្តរជាតិ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print