ភ្នំពេញ ៖ បុរសចំណាស់ម្នាក់បើករថយន្តឡង់គ្រឺស័រក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យយុវជន ម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង ០៨ព្រឹក ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ អូសុីអាយសុី សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាក Zoomer x ពាក់ស្លាកលេខភ្នំពេញ 1GK-1159 ទិសដៅពីកើតទៅលិច បើកបរដោយយុវជនម្នាក់ លុះពេលមកដល់ចំណុចផ្លូវបំបែកជាបួន ម៉ូតូខាងលើបានបត់ឆ្វេង គោលបំណងដើម្បីឆ្លងទៅផ្លូវមួយចំហៀងទៀត ។ ភ្លាមៗក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ CD47 2-002 ធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងប្លោងជាច្រើនម៉ែត្រ រីឯរថយន្តបានបន្តបុកខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែកយុវជនដែលជិះម៉ូតូ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ប្រជាពលរដ្ឋបានធ្វើការ ឃាត់បុរសជាម្ចាស់រថយន្តនៅទីតាំងខាងលើ ដើម្បីរងចាំប្រគល់ អោយសមត្ថកិច្ចផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ










