មុនអាមេរិក និងអ៉ីរ៉ង់ ចុះកិច្ចព្រមព្រៀងបឋមជាផ្លូវការ ក្រុមហេសបូឡា និងអ៉ីស្រាអែល បើកការប្រយុទ្ធគ្នាថ្មី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បាននិយាយថា ខ្លួនបានប្រយុទ្ធជាមួយយោធាអ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយប៉ុន្មានម៉ោងក្រោយមក ប្រព័ន្ធផ្សព្វផ្សាយលីបង់រាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែលលើភាគខាងត្បូងប្រទេសបានសម្លាប់មនុស្ស ៣នាក់។

ហេសបូឡាបញ្ជាក់ថា ការប្រយុទ្ធធ្វើឡើងជាមួយកងទ័ពអ៉ីស្រាអែល ដែលប៉ុនប៉ងរុលចេញពីទីប្រជុំជន Arnoun ឆ្ពោះទៅជាយក្រុង Kfar Tibnit ក្បែរទីក្រុង Nabatieh ដ៏សំខាន់នៃភាគខាងត្បូងលីបង់។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនារសៀលថ្ងៃដដែល ហេសបូឡាថាការប៉ះទង្គិចនៅតែបន្ត។
ទីភ្នាក់ងារសារព័ត៌មានជាតិ NNA របស់លីបង់ រាយការណ៍ថា យន្តហោះដ្រូន
របស់អ៉ីស្រាអែលបានកំណត់គោលដៅលើរថយន្ត នៅក្នុងតំបន់ Kfar Tibnit សម្លាប់មនុស្ស ២នាក់ ហើយក្នុងភូមិ Zebdine ដែលនៅជាប់តំបន់នោះ ក៏មានមនុស្សម្នាក់បានស្លាប់ដោយការវាយប្រហារដ្រូនផងដែរ។
នៅពេលយប់មុនពេលមានការប្រយុទ្ធគ្នានោះ យោធាអ៉ីស្រាអែលបានប្រកាសពីការស្លាប់របស់ទាហានម្នាក់ ក្នុងឧប្បត្តិហេតុមួយនៅភាគខាងត្បូងលីបង់ ហើយថាមានមនុស្ស ៧នាក់ផ្សេងទៀតបានរងរបួស។ សេចក្តីរាយការណ៍អំពីការប្រយុទ្ធគ្នាថ្មីនេះ កើតមានឡើងនៅមុនពេលដែលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គ្រោងចុះហត្ថលេខាក្របខណ្ឌនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ាទាំងស្រុង រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ៕ ដោយធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print