កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)

ចែករំលែក៖

រុស្ស៊ី​៖​ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​​ (EEC) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី​ និងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) និងកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ 

ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព EAEU ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ​ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)​ ជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា មិនមែនសំដៅតែលើទីផ្សារកម្ពុជាដាច់ដោយឡែកនោះទេ ប៉ុន្តែកម្ពុជាគឺជាច្រកទ្វារដ៏សំខាន់ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង FTA ទ្វេភាគីនានាដែលកម្ពុជាមានស្រាប់, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាទីផ្សារអាស៊ានជាដើម។ ក្នុងន័យនេះ, ការសម្រេចបាននូវកិច្ចព្រមព្រៀង FTA​ ជាមួយកម្ពុជា នឹងក្លាយជាកាលានុវត្តភាពសម្រាប់សហភាព EAEU ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់ផ្សេងៗទៀតយ៉ាងទូលំទូលាយ។

...

សម្តេចធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្តពិភាក្សា ដោយផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំពាណិជ្ជកម្ម តាមរយៈការកំណត់វិស័យសក្តានុពល ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ,​សម្តេចធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល យល់ស្របគ្នាថា កម្ពុជា និងសហភាព EAEU មានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀតដែលភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងន័យនេះ, ការឈានទៅសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាពេលខាងមុខ នឹងជួយជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និង សហភាព​ ​EAEU ឱ្យកាន់តែធំធេង​ និង​ ប្រសើរឡើង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print