ខេត្តស្វាយរៀង: កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការណែនាំជាប្រចាំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងក្រោមការបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។
លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ស្រី ១នាក់ នៅចំណុចអាហារដ្ឋានស្រីមុំ ស្ថិតនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា។
លោកបានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា ១០កញ្ចប់, ជញ្ជីងថ្លឹង១គ្រឿង, ដាវ៦ដើម, កាំបិត៣ដើម, ពូថៅ១ដើម, អាវុធច្នៃ ១១ដើម, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ ១០គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ សុថាន










