បទវិចារណកថា៖ គ្មានថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺគ្មានថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩

ចែករំលែក៖

ភ្នំពេញ​៖​ កុលបុត្រកម្ពុជាគ្រប់រូបដឹងថា ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃអ្វី ប៉ុន្តែសម្រាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មិនសូវមានអ្នកដឹងនោះទេ ជាពិសេសគឺយុវវ័យជំនាន់ក្រោយ ដូច្នេះនៅក្នុងថ្ងៃនេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមរំលេចនូវកាលបរិច្ឆេទជាប្រវត្តិសាស្រ្តនេះខ្លះៗ ដែលជាឫសគល់ នៃចលនាប្រឆាំងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីទុកជាចំណេះដឹងទូទៅ។

តាមប្រវត្តិសាស្រ្ត ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃដែលចលនាប្រឆំាងនឹងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម បានលេចរូបរាងឡើងនៅក្នុងសង្គមកម្ពុជា ខណៈដែលរបបអាវខ្មៅមួយនេះបានបន្តសម្លាប់ជីវិតពលរដ្ឋខ្លួនឯងជាបន្តបន្ទាប់ដោយទារុណកម្ម ពលកម្មហួសកម្លាំង ភាពអត់ឃ្លានជំងឺ និងការកាប់សម្លាប់ ក្រោមលេសថា ខ្មាំងប្រឆាំងអង្គការឬបដិវត្តន៍ ជាដើម។

ព្រឹត្តិការណ៍នៅថ្ងៃនេះ ផ្តើមចេញពីដំណើរ​តស៊ូ​ឆ្ពោះទៅរកការរំដោះជាតិនិងប្រជាជនកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹង​យុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេច​ចិត្តក្នុង​ស្ថានភាពដ៏តាន់តឹង​បំផុតលា​ចាក​ទឹកដី ដោយយកជីវិតធ្វើជាដើមទុន ​ធ្វើដំណើរជ្រែ​កស្បៃ​រាត្រីឆ្លង​កាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែង​រកគាំទ្រ​ក្នុង​ការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញ​ពីក្រញាំ​បិសាច​ដ៏សែន​ឃោរឃៅរបស់ ប៉ុល ពត។

ផ្តើមចេញពីដំណើរតស៊ូដោយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំ​ឱ្យចលនានៃ​ការរំ​ដោះ​ប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប៉ុល ពត បានសម្រេចនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់​ការបែក​បាក់​ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង​អភិវឌ្ឍប្រទេស​ឱ្យរីក​ចម្រើន និងឯកភាពទឹកដីភាគច្រើននៃប្រទេស ហើយបានបន្តពូនជ្រុំការអភិវឌ្ឍតាំងពីកម្រិតសូន្យលើគ្រប់វិស័យ។ ផ្តើមចេញពីព្រឹត្តិការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នេះ ក៏បានបន្តពូនជ្រុំ ហើយប្រមូលផ្តុំកម្លាំងកសាង និង​អភិវឌ្ឍជាតិ រហូតដល់ពង្រីកចលនា​ឯកភាពជាតិ ដែលអង្គការសហប្រជាជាតិមិនទាន់សម្រេចបានបេសកម្មសន្តិភាពទាំងស្រុងនៅកម្ពុជា នៅក្រោយការបោះឆ្នោតនៅក្នុងឆ្នាំ១៩៩៣ រហូតដល់មានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ពោលគឺមានរាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ក្រោមបាវចនា ជាតិ សាសនា និង​ ព្រះមហាក្សត្រ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយ ឈ្នះឈ្នះ។​

មកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងសុខសន្តិភាពពេញលេញ អស់រយៈពេល ២៦ឆ្នាំហើយៗសក្ខីភាព និងសក្ខីកម្មនៃវឌ្ឍនភាពជាតិ គឺយើងបានឃើញ បានដឹង បានលឺ បានរីករាយទាំងអស់គ្នា ដោយពិតប្រាកដ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមកុំភ្លេចថ្ងៃជាប្រវត្តិសាស្រ្តនេះ។​ អាស្រ័យហេតុនេះហើយ បានជារាជរដ្ឋាភិបាល​បានកំណត់យកថ្ងៃទី២០ ខែមិថុនា ជារៀងរាល់ឆ្នាំ ប្រារព្ធទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត។

ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និង​ដើម្បីគាស់រម្លើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និង​ប្រជាជន​​ ពិធីផ្លូវការមួយត្រូវបានរៀបចំនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី​២០ ខែ​មិថុនា ជារៀងរាល់ឆ្នាំ។ នៅឆ្នាំនេះ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ខណៈដែលពេលនេះ មន្រ្តីរាជការ កងកម្លាំង សមត្ថកិច្ច​ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋជាច្រើន បានអញ្ជើញទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលពលី ចំនួន ៤៩ រូប ដែលបានតម្កល់នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោ នៅកោះថ្ម X16 ជាបន្តបន្ទាប់។

សរុបសេចក្តីមក ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃប្រវត្តិសាស្រ្តដែលយើងទាំងអស់គ្នាមិនគួរភ្លេចជាដាច់ខាត ពីព្រោះវាគឺជាថ្ងៃដែលកម្ពុជាអាចសង្រ្គោះជីវិតពលរដ្ឋដែលសេសសល់ ពីការស្លាប់ដោយរបបខ្មែរក្រហម ហើយបានឈរជើងប្រកបដោយឧត្តមភាព និងកិត្យានុភាពជាតិរហូតដល់បច្ចុប្បន្ន។ ទោះបីជាកម្ពុជាជាប្រទេសតូច ប្រជាជនតិច ប៉ុន្តែចលនា និងស្មារតីជាតិនិយមដែលកកើតនៅពេលនោះ បានធ្វើឱ្យនាវាកម្ពុជាបានធ្វើដំណើរមកដល់ត្រើយនៃសន្តិភាព និងឯកភាពជាតិ៕ដោយ​៖តារា​

...

ប្រភព​៖​ ទីភ្នាក់ងារ​AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print